សារព័ត៌មាន Reuters បានផ្សាយថា ធនាគារពិភពលោក បានឱ្យដឹងនៅក្នុងការវាយតម្លៃបឋមរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ថាគ្រោះរញ្ជួយដីភ្លោះ ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៤ ខែមិថុនា បានបង្កការខូចខាតរូបវន្តផ្ទាល់ គិតជាទឹកប្រាក់ចំនួន ១៩, ៦ពាន់លានដុល្លារ ប៉ុន្តែការចំណាយ ដើម្បីកសាងប្រទេសឡើងវិញ អាចនឹងលើសទ្វេដង ឬច្រើនជាងនេះទៅទៀត។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឱ្យដឹងថា បាតុភូតរញ្ជួយដី២ផ្ទួនគ្នា ដែលមួយមានកម្រិត៧,២រ៉ិចទ័រ និងមួយទៀត៧,៥រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ៥៤០០នាក់ ដោយបានបំផ្លាញអគារលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ដទៃទៀត នៅតំបន់ភាគខាងជើងប្រទេស រួមទាំងនៅរដ្ឋធានីការ៉ាកាស។ រដ្ឋាភិបាលប៉ាន់ប្រមាណថា មានមនុស្សជិត១៧០០០នាក់ បានរងរបួស និងជិត១៨០០០នាក់ទៀត នៅបន្តគ្មានផ្ទះសម្បែង។
គ្រោះមហន្តរាយខាងលើ ដែលជារញ្ជួយដីដ៏សាហាវបំផុតសម្រាប់ប្រទេសអាមេរិកឡាទីនមួយនេះ គិតចាប់តាំងពីឆ្នាំ ១៨១២ បានកើតឡើងចំពេលដែលលក្ខខណ្ឌសេដ្ឋកិច្ចសង្គម មានភាពផុយស្រួយរួចទៅហើយ ជាមួយនឹងអត្រាភាពក្រីក្រជាង ៧៦% បើយោងតាមធនាគារពិភពលោក ហើយមនុស្សប្រមាណ ៧,៩លាននាក់ បានភៀសខ្លួនចេញពីប្រទេសនេះ ចាប់តាំងពីឆ្នាំ២០១៥។
ធនាគារពិភពលោក បានឱ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡា ធនាគារអភិវឌ្ឍន៍អន្តរអាមេរិក និងធនាគារអភិវឌ្ឍន៍អាមេរិកឡាទីន (CAF) លើការវាយតម្លៃដែលគ្រប់ជ្រុងជ្រោយជាងនេះបន្ថែមទៀត អំពីការចំណាយសម្រាប់កិច្ចប្រឹងប្រែងស្តារនិងការកសាងឡើងវិញ របស់ប្រទេសវ៉េណេស៊ុយអេឡា។ ការសិក្សាបែបនេះ ជាធម្មតាត្រូវចំណាយពេលច្រើនខែ។ ដោយឡែក ការវាយតម្លៃបឋមខាងលើ បានបង្ហាញថា ៤៧ភាគរយ នៃការខូចខាត គឺបានកើតឡើងចំពោះអគារលំនៅឋាន ខណៈ២៧ភាគរយ លើហេដ្ឋារចនាសម្ព័ន្ធ និង ២៦ភាគរយ លើសំណង់ប្រភេទមិនមែនលំនៅឋាន៕









