តារាសម្ដែងជនជាតិចិន Tang Wei បានសម្រាលកូនប្រុសម្នាក់ ដែលជាកូនទីពីររបស់នាងជាមួយស្វាមីជាអ្នកដឹកនាំភាពយន្តជនជាតិកូរ៉េខាងត្បូង Kim Tae-yong។
យោងតាមសារព័ត៌មាន Sina តារាវ័យ 47 ឆ្នាំ រូបនេះ បានប្រាប់ដំណឹងល្អនេះទៅកាន់មិត្តភក្តិជិតស្និទ្ធនៅថ្ងៃទី 22 ខែកក្កដា។
Tang Wei បានរំលឹកថា៖ «កូនស្រីច្បងរបស់ខ្ញុំ Summer បាននិយាយថា ឆាប់ៗនេះយើងនឹងអាចធ្វើដំណើរកម្សាន្តជាគ្រួសារ 4 នាក់បានហើយ»។
នាងក៏បានចែករំលែករូបគំនូរសេះតូចមួយ ដែលគូរដោយឪពុករបស់នាង ជាអំណោយសម្រាប់ចៅប្រុសទើបនឹងកើត ដែលបានកើតក្នុង ឆ្នាំសេះ។
Tang Wei បានប្រកាសពីការមានផ្ទៃពោះកាលពីខែមេសា ដោយពណ៌នាថា វាជារឿងដែលមិននឹកស្មានដល់ ប៉ុន្តែពោរពេញដោយសេចក្តីរីករាយ។
នាងបានសរសេរនៅលើ Instagram ថា៖ «នេះគឺជាការភ្ញាក់ផ្អើលដ៏ធំសម្រាប់ខ្ញុំ ហើយជាការពិត ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់»។
នៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ Tang Wei នៅតែបន្តថតភាពយន្ត ចូលរួមកម្មវិធីក្នុងវិស័យសិល្បៈ និងថតរូបសម្រាប់ម៉ូដ។ ទើបតែនៅខែឧសភា នាងបានផ្អាកការងារទាំងស្រុង ដើម្បីផ្តោតលើសុខភាព។
Tang Wei និង Kim Tae-yong បានរៀបការអស់រយៈពេល 11 ឆ្នាំ ហើយមានកូនស្រីម្នាក់អាយុ 10 ឆ្នាំ ឈ្មោះ Summer។
បច្ចុប្បន្ន Tang Wei រស់នៅទីក្រុង ប៉េកាំង ជាមួយឪពុកម្តាយ និងគ្រួសារ ខណៈពេលដែលនាងតែងតែទៅសួរសុខទុក្ខគ្រួសារខាងស្វាមីនៅកូរ៉េខាងត្បូងក្នុងអំឡុងថ្ងៃឈប់សម្រាកសិក្សា។ ការជ្រើសរើសរស់នៅប៉េកាំង គឺដើម្បីអាចមើលថែឪពុកម្តាយដែលមានវ័យចំណាស់។
Tang Wei បាននិយាយថា៖
«ខ្ញុំពិតជាដឹងគុណស្វាមីរបស់ខ្ញុំ ដែលបានមើលថែគ្រួសារ និងកូនៗ ដើម្បីឱ្យខ្ញុំអាចផ្តោតលើអាជីពរបស់ខ្ញុំបាន»។
នាងបន្ថែមថា បើគ្មាន Kim Tae-yong ដែលទទួលបន្ទុកការងារធំៗក្នុងគ្រួសារ នាងមិនអាចសម្រេចបានជោគជ័យក្នុងអាជីពដូចសព្វថ្ងៃនេះទេ។
Tang Wei ក៏បានប្រៀបធៀបស្វាមីរបស់នាងទៅនឹង «ភ្នំមួយ» ដោយពណ៌នាថា គាត់គឺជាកម្លាំងដ៏រឹងមាំ និងមានស្ថិរភាពក្នុងជីវិតរបស់នាង។ គាត់តែងតែគាំទ្រការងាររបស់នាង និងជាញឹកញាប់ពិភាក្សាអំពីគំនិតច្នៃប្រឌិត និងការងារជាមួយនាង។
ក្នុងអាជីពជិត 30 ឆ្នាំ Tang Wei ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីការសម្ដែងក្នុងខ្សែភាពយន្តល្បីៗដូចជា Lust, Caution, Late Autumn, Dragon (Wu Xia), Monster Hunt និង Decision to Leave។ បច្ចុប្បន្ន នាងក៏ជាតំណាងឱ្យម៉ាកម៉ូដ និងផលិតផលថែរក្សាសម្រស់ល្បីៗជាច្រើនផងដែរ៕










