សារព័ត៌មាន AFP បានផ្សាយថា ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានគំរាមសងសឹកវិញប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីពួកគេបានចោទប្រកាន់ថាទីក្រុងរីយ៉ាដបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅចំពោះមុខការព្រួយបារម្ភពីការផ្ទុះ រាលដាលសង្រ្គាមនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅយោធារបស់ក្រុមហ៊ូទី នៅក្នុងទីក្រុងកំពង់ផែ Hodeida ដែលប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមមួយនេះ បានរាយការណ៍ពីមនុស្ស២នាក់បានរងរបួស ក្រោយហ៊ូទីប្រកាសពីការបិទខ្ទប់សមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត។ ជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងហ៊ូទីនៅពេលនេះត្រូវបានគេមើលឃើញថាជាការបើកសមរភូមិថ្មីមួយទៀតនៅក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ និងកើតមានឡើងចំពេលអ៉ីរ៉ង់កំពុងបិទខ្ទប់ច្រកសមុទ្រ Hormuz។
តាមរយៈការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ប្រព័ន្ធផ្សព្វផ្សាយរបស់ហ៊ូទីមានឈ្មោះថា Ansarollah បាននិយាយថាការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងទីក្រុងកំពង់ផែ Hodeida និងកោះ Kamaran គឺជាទង្វើបង្កើនជម្លោះដ៏គ្រោះថ្នាក់ ហើយហ៊ូទីត្រូវតែសងសឹកវិញ។
គួរបញ្ជាក់ថា មន្ត្រីសន្តិសុខយេម៉ែនម្នាក់បានប្រាប់ AFP ថាមូលដ្ឋានជើងទឹកមួយកន្លែងក្នុងទីក្រុង Hodeida និងជំរំយោធាមួយនៅលើ Kamaran បានស្ថិតក្នុងចំណោមគោលដៅវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតវិញ បាននិយាយថាខ្លួនបានវាយប្រហារទីតាំងយោធារបស់ក្រុមហ៊ូទី ហើយបានកម្ទេចគោលដៅដែលបង្កការគំរាមកំហែងលើកប៉ាល់ដឹកទំនិញ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ក្នុងតំបន់សមុទ្រក្រហម។
ការវាយប្រហាររបស់ក្រុមចម្រុះអារ៉ាប៊ីសាអូឌីត ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីបានអះអាងពីការវាយប្រហារលើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត២គ្រឿង ក្នុងសប្ដាហ៍នេះ។ លោក Turki al-Maliki ជាអ្នកនាំពាក្យក្រុមចម្រុះអារ៉ាប៊ីសាអូឌីតបានព្រមានថាក្រុមចម្រុះនឹងបន្តចាត់វិធានការចាំបាច់នានាដើម្បីការពារកប៉ាល់ដឹកទំនិញ និងផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីត ហើយនឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើហ៊ូទីនៅតែបន្តធ្វើសកម្មភាពអរិភាព៕

រូបថត: X









