ខេត្តសៀមរាប៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធានគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុម ប្រឹក្សាប្រតិបត្តិលើកទី១ សភាតំបន់អាស៊ី បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នេះថា មូលហេតុដែលសភា តំបន់អាស៊ី ជ្រើសរើសប្រទេសកម្ពុជាជាកន្លែងប្រជុំ របស់ខ្លួនមិនមែនជាការចៃដន្យនោះទេ។
លោកបានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលកំពុងទទួលបានកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ និងម្យ៉ាងទៀតឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍ កម្ពុជាបានប្រែក្លាយប្រទេសទៅជាកន្លែងសន្តិភាព ហើយកំពុងអភិវឌ្ឍន៍យ៉ាងខ្លំាងក្លា។
លោកបានលើកឡើងបន្តថា កក្តាទំាងអស់នេះហើយ ដែលសភាតំបន់អាស៊ីបានជ្រើសរើស និងទុកចិត្តមកលើកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ របស់ខ្លួននៅពេលនេះ។
សូមជម្រាបថា ប្រទេសសមាជិកសភាតំបន់អាស៊ី ចំនួន២១ប្រទេស បានអញ្ជើញមកជួបប្រជុំគ្នានៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៦ ដល់២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគៀតត្រា ដើម្បីប្រជុំគណៈម្មាធិការអចិន្រ្តៃយ៍ស្តីពីបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១។
លោក ឈាង វុន បានគូសបញ្ជាក់ថា កិច្ចប្រជុំទំាងអស់នេះ មានសារៈសំខាន់ណាស់ មុននឹងឈានដល់មហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី ដែលនឹងប្រារព្ធធ្វើនាចុងឆ្នាំ២០១៦ នេះ នៅខេត្តសៀមរាប។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងថា នៅកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ សភាតំបន់ អាស៊ីនឹងជជែកគ្នាលើបញ្ហាមួយចំនួនរបស់ខ្លួន ដូចជាកិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាដើម។
លោក ឈាង វុន បានគូសបញ្ជាក់ទៀតថា «កិច្ចប្រជុំពេលនេះ ជាការប្រមូលផ្តុំទស្សនៈយោបល់របស់តំណាងរាស្រ្ត នៅក្នុងតំបន់អាស៊ី ដើម្បីធ្វើការផ្លាស់ប្តូរ និងបង្កើនកិច្ចសហប្រតិបត្តិការគ្នា ក្នុងការដោះស្រាយបញ្ហារួមរបស់យើង។ យើងដឹងហើយតំបន់អាស៊ី នៅមានប្រជាពលរដ្ឋជួបការលំបាកនិងក្រីក្រជាច្រើន ដូច្នេះការជួបជុំរបស់យើងនៅពេលនេះនឹងចូលរួមចំណែក ដល់រដ្ឋាភិបាល ជាសមាជិកសភាតំបន់អាស៊ីទំាងអស់ ក្នុងការបង្កើនការដោះស្រាយបញ្ហាដល់ពលរដ្ឋបន្តទៀត» ។
សូមជម្រាបថា សភាតំបន់អាស៊ី (APA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយប្រែក្លាយពីសមាគមសភាអាស៊ីដើម្បីសន្តិភាព (AAPP) ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៩៩។ សភាតំបន់អាស៊ី មានសភា ជាសមាជិកចំនួន ៤២ប្រទេស ដែលបច្ចុប្បន្ន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ចាប់តំាងពីឆ្នាំ២០១៥ នៅពេលដែលសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត លើកទី៨ នៃសភាតំបន់អាស៊ីនេះមក៕
ដោយ៖ សហការី