ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន១០នាក់ បាននាំគ្នាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមបង្គោលភ្លើងបំភ្លឺផ្លូវដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ប៉ុន្តែត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាបនិងចាប់ខ្លួនបាន៦នាក់ ខណៈ៤នាក់ទៀតរត់គេចខ្លួនរួច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានជនសង្ស័យមួយក្រុមកំពុងលួចកាត់ខ្សែភ្លើងនៅក្បែរសណ្ឋាគារ៥២០ ហើយយកទៅដុតក្នុងព្រៃ ដើម្បីយកលួសលក់ឱ្យអេតចាយ ត្រូវកម្លាំងកងរាជអាវុធហត្ថចុះទៅដល់ទីតាំង និងធ្វើការបង្ក្រាបភ្លាមៗ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងដកហូតវត្ថុតាងមួយចំនួន ដូចជា កាំបិត និងដាវ ខណៈដែលជនសង្ស័យទាំងនោះសុទ្ធតែជាក្រុមប្រើប្រាស់គ្រឿងញៀន។ ចំណែកបក្ខពួក៤នាក់ទៀតបានរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបាននាំយកទៅសាកសួរនៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ










