អ្នកប្រព្រឹត្តិបទល្មើសអនឡាញស្កេម នៅមីយ៉ាន់ម៉ា ត្រូវប្រឈមទោសប្រហារជីវិត​

ចែករំលែក៖

សារព័ត៌មាន AFP សភានៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឱ្យមានទោសប្រហារជីវិតចំពោះអ្នកដែលឃុំខ្លួន ឬប្រើហិង្សាបង្ខិតបង្ខំជនរងគ្រោះ ឱ្យធ្វើការនៅតាមមជ្ឈមណ្ឌលប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធអ៉ីនធើណិត ឬហៅថា អនឡាញស្កេម (online scam)។
លោក Aung Lin Dwe ប្រធានសភាសហភាពរបស់មីយ៉ាន់ម៉ា បានប្រកាសថា «សេចក្តីព្រាងច្បាប់ប្រឆាំងអំពើឆបោកតាមអ៉ីនធើណិត» ត្រូវបានអនុម័តហើយ បន្ទាប់ពីក្រុមសមាជិកសភា បានផ្តល់ការឯកភាព ចំពោះការកែសម្រួលនានានៅក្នុងសេចក្តីព្រាងច្បាប់នេះ អំឡុងការបើកសម័យប្រជុំរួមរវាងសភាជាន់ទាប និងសភាជាន់ខ្ពស់ កាលពីព្រឹកថ្ងៃអង្គារនេះ ក្នុងរដ្ឋធានីណៃពិដោ។ លោក Aye Chan ដែលជាសមាជិកម្នាក់នៅសភាជាន់ទាប បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ទោសប្រហារជីវិតគឺនៅរក្សាដដែល ក្នុងកំណែសេចក្តីព្រាងច្បាប់ ដែលត្រូវបានអនុម័ត។
ខ្លឹមសារសេចក្តីព្រាងច្បាប់ ដែលធ្លាប់ចេញផ្សាយកាលពីខែឧសភា បានចែងថា ច្បាប់នេះរួមបញ្ចូលទាំងការផ្តន្ទាទោសចាប់ពី១០ឆ្នាំ ដល់ជាប់ពន្ធនាគារអស់មួយជីវិត ក៏ដូចជាទោសប្រហារជីវិត ចំពោះ «អំពើហិង្សា ការធ្វើទារុណកម្ម ការចាប់ខ្លួននិងឃុំខ្លួន ដោយខុសច្បាប់ ឬការប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងបុគ្គលម្នាក់ទៀត ក្នុងគោលបំណងបង្ខំឱ្យពួកគេ ប្រព្រឹត្តអំពើឆបោកតាមអ៉ីនធើណិត» ខណៈប្រសិនបើការប្រព្រឹត្តបទល្មើសបែបនេះ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស គឺត្រូវទទួលរងការផ្តន្ទាទោសប្រហារជីវិត។
សេចក្តីព្រាងច្បាប់ខាងលើ ក៏បានកំណត់ទោសជាអតិបរមា ឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ចំពោះអ្នកដែលធ្វើប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអ៉ីនធើណិត និងអ្នកដែលប្រព្រឹត្តអំពើឆបោកដោយប្រើរូបិយប័ណ្ណឌីជីថល ឬគ្រីបតូស្កេម (crypto scam)។
មជ្ឈមណ្ឌលប្រព្រឹត្តសកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៉ីនធើណិត បានរីកស្គុសស្គាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសង្គ្រាមស៉ីវិល។ វាជាផ្នែកមួយនៃសេដ្ឋកិច្ចខុសច្បាប់ ដែលរកចំណូលបានច្រើនសម្បើមពីសកម្មភាពស្កេម និងរីកដុះដាលយ៉ាងខ្លាំងនៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ ដោយកំណត់គោលដៅលើ អ្នកប្រើប្រាស់អ៉ីនធើណិតជុំវិញពិភពលោក ក្នុងទម្រង់ជាការឆបោក ដោយប្រើអន្ទាក់ស្នេហាក្លែងក្លាយ និងការវិនិយោគរូបិយប័ណ្ណគ្រីបតូ។
ទីផ្សារងងឹតដែលមានតម្លៃរាប់សិបពាន់លានដុល្លារនេះ ទាក់ទាញបុគ្គលិកធ្វើការទាំងស្ម័គ្រចិត្តជាច្រើននាក់ ប៉ុន្តែទន្ទឹមគ្នា ជនបរទេសនានា ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ ក៏បានរាយការណ៍ដែរថា ពួកគេត្រូវបានជួញដូរទៅកាន់ទីតាំងផ្សេងៗ ក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រូវបានធ្វើទារុណកម្មដោយពួកឧក្រិដ្ឋជនដែលដំណើរការមជ្ឈមណ្ឌលឆបោក៕

រូប​ថត​: EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print