ខេត្តព្រះសីហនុ÷ អនុវត្តបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ !។
ករណីដែលបានបង្ក្រាបរួមមាន :
– ករណីអំពើ: (លួចមានស្ថានទម្ងន់ទោស ,ឆក់កាបូបមិនបានសម្រេច និងឆក់ទូរស័ព្ទ)
– ករណីលួចម៉ូតូ
– ករណីលួចសម្ភារ និងឧបករណ៍សំណង់
– ករណីឆបោក និងក្លែងបន្លំពាណិជ្ជសញ្ញា
– ករណីកំហែងយក និង រំលោភសេពសន្តវៈ
– ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ជាមួយការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
– ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ (យកកាំបិតបុ័ងតោគំរាមកាប់ប្រពន្ធ)
– ហិង្សាដោយចេតនាប្រព្រឹត្តដោយអនីតិសង្វាសជន
– រំលោភលើទំនុកចិត្ត (ជួលម៉ូតូយកទៅបាត់)
– អំពើលួចម៉ូតូ និងលួចមានស្ថានទម្ងន់ទោស, ឆក់ខ្សែក, គាស់ទម្លុះទម្លាយលួចកាត់ស្ពាន់ និងខ្សែភ្លើង, គាស់ទម្លុះទម្លាយលួចដែក, កាប់ប្លន់យកទូរស័ព្ទ
– ករណីលួចប្ដូរចិញ្ចៀន ព្រមទាំងលួចទូរស័ព្ទ ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ទាំងជនជាតិខ្មែរ និងជនបរទេស និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ០៤នាក់ ដែលបានគេចខ្លួន ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន : -អាវុធខ្លី គ្រាប់កាំភ្លើង ម៉ូតូ ទូរស័ព្ទដៃ ខ្សែកផ្លាកទីន ស្ពាន់ ខ្សែភ្លើង ដែក កាំបិតបុ័ងតោ កន្ត្រៃកាត់ខ្សែភ្លើង ទួណឺវីស កូនសោម៉ូតូ ផ្លាកលេខ និងសម្ភារពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗ ។
ចំពោះសម្ភារមួយចំនួនដែលជាកម្មសិទ្ធិរបស់ជនរង គ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ តាមការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










