សារព័ត៌មាន AFP បានផ្សាយថា អ៊ុយក្រែនបានអះអាងថារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់បានបើកកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ជាមួយការបញ្ជាក់ពីបំណងចង់បញ្ចៀសការបង្កើនជម្លោះ បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើកប៉ាល់អ៉ីរ៉ង់មួយគ្រឿងនៅក្នុងតំបន់សមុទ្រ Caspian។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiga បានបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថារូបលោកមានកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ជាមួយសមភាគីអ៉ីរ៉ង់របស់លោក គឺលោក Abbas Araghchi។ «ការទូតគឺសំដៅលើកិច្ចសន្ទនាដោយផ្ទាល់ ទោះបីជាស្ថិតក្នុងស្ថានការណ៍លំបាកក៏ដោយ។ ខ្ញុំបានសង្កត់ធ្ងន់ថាគោលដៅរបស់យើង នោះគឺបញ្ចៀសការបង្កើនជម្លោះដែលមិនមានភាពចាំបាច់»។ នេះជាការគូសបញ្ជាក់របស់លោកប្រមុខការទូតអ៊ុយក្រែន។
អ៉ីរ៉ង់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្រមានពីផលវិបាកដែលគេមិនធ្លាប់បានឃើញ បន្ទាប់ពីការវាយប្រហារដោយដ្រូនអ៊ុយក្រែនកាលពីសប្ដាហ៍មុនបានសម្លាប់នាវិកម្នាក់ និងធ្វើឱ្យនាវិកជាច្រើននាក់រងរបួសនៅលើកប៉ាល់អ៉ីរ៉ង់មួយគ្រឿងក្នុងតំបន់សមុទ្រ Caspian។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏បានទទួលស្គាល់ដែរថាទីក្រុងកៀវ បានវាយប្រហាររយៈចម្ងាយឆ្ងាយក្នុងតំបន់សមុទ្រ Caspian ប្រឆាំងកប៉ាល់មួយគ្រឿងដែលដឹកសម្ភារៈយោធាពីអ៉ីរ៉ង់ទៅឱ្យរុស្ស៉ី។
កិច្ចសន្ទនាតាមទូរស័ព្ទនេះជាការទំនាក់ទំនងគ្នាលើកដំបូងរវាងលោក Sybiga ដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ និងលោក Araghchi។ ទំនាក់ទំនងរវាងអ៊ុយក្រែន និងអ៉ីរ៉ង់ បានស្គាល់ភាពតានតឹងក្រោយអ៉ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី បានផ្គត់ផ្គង់ដ្រូន Shahed និងផ្ទេរបច្ចេកវិទ្យាដ្រូនទៅឱ្យទីក្រុងមូស្គូ តាំងពីលោក ពូទីន បើកធ្វើសង្រ្គាមជាមួយអ៊ុយក្រែនកាលពីឆ្នាំ២០២២។ ទីក្រុងកៀវវិញក៏បានអះអាងដែរថាខ្លួនបានផ្ដល់ការគាំទ្រតាមរយៈកិច្ចប្រឹងប្រែងប្រឆាំងដ្រូនទៅឱ្យបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលរងការវាយប្រហារពីអ៉ីរ៉ង់ ក្នុងសង្រ្គាមផ្ដើមដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈមក៕

រូបថត: Reuters









