ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត មណ្ឌលគិរី លើការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងគ្រាប់ រំសេវ ក្នុងទូទាំងខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងជំនាញនៃផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងមន្ត្រីឧទ្យាននុរក្ស ដើម្បីស្រាវជ្រាវ ស្រង់ចម្លើយ និងអនុវត្តនីតិវិធីច្បាប់លើករណីបទល្មើសអាវុធខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ដោយមន្ត្រីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាតនៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងប្រតិបត្តិការនោះ កម្លាំងល្បាតបានប្រទះឃើញជនសង្ស័យចំនួន ៤ នាក់ ជិះម៉ូតូ ៣គ្រឿង។ ពេលឃើញសមត្ថកិច្ច, ជនសង្ស័យ ២នាក់បានរត់គេចខ្លួនបាត់ ហើយក្រុមការងារបានឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ រួមមាន៖
១. ឈ្មោះ ខ្វេះ ណាន់ ភេទប្រុស អាយុ ៥១ឆ្នាំ (ជនជាតិដើមភាគតិចព្នង) មានទីលំនៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដានិង២. ឈ្មោះ សុភី សូត ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
តាមរយៈការឆែកឆេរក្នុងសាក់កាដូ សមត្ថកិច្ចរកឃើញ និងដកហូតវត្ថុតាងរួមមានអាវុធ AK-47 ស្វ័យបត់ ចំនួន ១ដើម (លេខសម្គាល់ 17273790) មានភ្ជាប់ឧបករណ៍តម្រង់ និងគ្រាប់ចំនួន ៨គ្រាប់ទូរស័ព្ទដៃចំនួន ២គ្រឿង (ម៉ាក REDMI ១គ្រឿង និងម៉ាក HONOR ១គ្រឿង)ឧបករណ៍/ដុំឆក់ត្រី ចំនួន ១គ្រឿង ។
ក្រោយពីការឃាត់ខ្លួន កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានធ្វើការស្រង់ចម្លើយ និងធ្វើកំណត់ហេតុចង្អុលមបង្ហាញ។ ក្នុងនោះ ជនសង្ស័យ ឈ្មោះ សុភី សូត បានសារភាពថា ខ្លួនបានទិញគ្រាប់កាំភ្លើងចំនួន ៨គ្រាប់ (តម្លៃ ៤៨,០០០រៀល) កាលពីកំឡុងខែមិថុនា ឆ្នាំ ២០២៦ ពីស្ត្រីម្នាក់ឈ្មោះ រ.រ.ន នៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលបើកកន្លែងលាងឡាន និងលក់ដូរនៅមុខផ្ទះ។
ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅដល់ទីតាំងផ្ទះរបស់ឈ្មោះ រ.រ.ន (ភេទស្រី) ដោយមានលិខិតយល់ព្រមឱ្យត្រួតពិនិត្យទីតាំង និងស្រង់ចម្លើយ។ ជាលទ្ធផលឈ្មោះ រ.រ.នបានបដិសេធដាច់ខាតថា នាងមិនដែលបានស្គាល់ ឬជួញដូរអាវុធ និងគ្រាប់កាំភ្លើងឱ្យឈ្មោះ សុភី សូត ឡើយ ដោយនាងបញ្ជាក់ថា ខ្លួនជាកសិករ និងបើកកន្លែងលាងឡានតែប៉ុណ្ណោះ គ្មានការលក់កង់ឡានមួយទឹក ឬលក់អីវ៉ាន់ចាប់ហួយដូចការចោទប្រកាន់ឡើយ។
ដើម្បីភាពស្អាតស្អំ និងស៊ីជម្រៅ សមត្ថកិច្ចបានរៀបចំ «កំណត់ហេតុប្រទល់មុខ» រវាង ឈ្មោះ សុភី សូត និង ឈ្មោះ រ.រ.ន ឈ្មោះ សុភី សូត នៅតែចោទប្រកាន់ថា ខ្លួនពិតជាបានទិញគ្រាប់ពីស្ត្រីរូបនេះមែន ប៉ុន្តែពុំមានភស្តុតាង ឬអ្វីមកបញ្ជាក់នោះឡើយ។ ឈ្មោះ រ.រ.ន នៅ តែបន្តបដិសេធយ៉ាងដាច់អហង្ការថា នាងមិនដែលស្គាល់ ឬជួបបុគ្គលឈ្មោះ សុភី សូត ពីមុនមកទេ និងមិនទទួលស្គាល់ការចោទប្រកាន់គ្មានមូលដ្ឋាននេះឡើយ។
ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យ និងការសាកសួរជាក់ស្តែង ពុំមានភស្តុតាងណាមួយបញ្ជាក់ថា ឈ្មោះ រ.រ.ន ពាក់ព័ន្ធនឹងការជួញដូរគ្រាប់កាំភ្លើងនោះទេ។ បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការអប់រំ និងណែនាំបន្ថែមដល់ ឈ្មោះ រ.រ.ន ឱ្យកាន់តែយល់ដឹងច្បាស់អំពីច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
ដោយឡែក ចំពោះ ឈ្មោះ សុភី សូត និងបក្សពួក ត្រូវបានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការ និងផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ជាធរមាន៕
ដោយ៖ សុរិយា










