ភ្នំពេញ៖ ជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ដល់ឱកាសឱ្យភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពវិជ្ជមាន អំពីភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងបរិបទថ្មី ដល់មន្ត្រីនគរបាលជាតិកម្ពុជា។
ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានជម្រាបជូនប្រមុខក្រសួងមហាផ្ទៃកម្ពុជាថា ផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ឥណ្ឌូនេស៊ីនឹងរៀបចំការបណ្ដុះបណ្ដាលជំនាញសំខាន់ៗ៣ ដល់មន្ត្រីនគរបាលកម្ពុជា ក្នុងនោះរួមមានជំនាញពាក់ព័ន្ធបច្ចេកទេសកោសល្យវិច័យ ជំនាញស៊ើបអង្កេតហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការបណ្ដុះបណ្ដាល អាចនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី និងក៏អាចមានការបញ្ជូនគ្រូឥណ្ឌូណេស៊ីមកបណ្ដុះបណ្ដាលនៅកម្ពុជា។
ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានផ្ដល់ការសម្របសម្រួល ជាអាទិ៍ ការពន្លឿននីតិវិធីបញ្ជូនជនជាតិឥណ្ឌូនេស៊ីរងគ្រោះពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្របសម្រួលឱ្យមន្ត្រីស្ថានទូត និងសាច់ញាតិបានចូលជួបសួរសុខទុក្ខជនជាតិឥណ្ឌូនេស៊ីដែលជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ និងជាពិសេសការបង្ក្រាបទីតាំង និងរំដោះប្រជាជនឥណ្ឌូណេស៊ី ចេញពីទីតាំងប្រព្រឹត្តបទល្មើស។
នាឱកាសនោះដែរ ភាគីទាំងពីរបានឯកភាព រៀបចំធ្វើបច្ចុប្បន្នភាពខ្លឹមសារអនុស្សរណៈនៃការយោគយល់ ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់អនុវត្តបន្ត ហើយភាគីឥណ្ឌូណេស៊ី បានបង្ហាញសុច្ឆន្ទៈគាំទ្រ និងលើកទឹកចិត្តខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការបង្កើតក្របខណ្ឌច្បាប់ដ៏តឹងតែង ដោយថែមទាំងអះអាងទៀតថា ឥណ្ឌូណេស៊ី សូមធ្វើជាសាក្សីបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយមនេះទៀតផង។
ឈរលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលឥតឈប់ឈរនៃបទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមទាំងការវិវត្តនៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានឯកភាពជាគោលការណ៍ រៀបចំមន្ត្រីជំនាញមួយក្រុមឱ្យជួបពិភាក្សាដើម្បីបង្កើតយន្តការអនុវត្តការងាររួមមួយ ដូចដែលកម្ពុជាបានអនុវត្តជាមួយបណ្ដាប្រទេសជាមិត្តផ្សេងទៀត រួមមានសាធារណរដ្ឋកូរ៉េជាដើម៕










