ការផ្ទុះជាច្រើនបានបន្លឺឡើងនៅទីក្រុងគៀវ ខណៈដែលរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារដោយមីស៊ីលផ្លោងទ្រង់ទ្រាយធំ។ការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃទី 30 ខែកក្កដា ។
លោក Vitali Klitschko អភិបាលក្រុងគៀវ បាននិយាយនៅក្នុងការបង្ហោះ Telegram ថា រុស្ស៊ីបានវាយប្រហាររដ្ឋធានីអ៊ុយក្រែនដោយមីស៊ីលផ្លោងនៅព្រឹកព្រលឹមនេះ ហើយបានជំរុញឱ្យប្រជាជនស្វែងរកកន្លែងជ្រកកោន។
អ្នកយកព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មាន Kyiv Independent នៅកន្លែងកើតហេតុបានបញ្ជាក់ថា សំឡេងផ្ទុះជាច្រើនត្រូវបានឮនៅក្នុងទីក្រុងគៀវ នៅម៉ោង 1:18 ព្រឹក (ម៉ោងក្នុងស្រុក)។
ការវាយប្រហារតាមអាកាសបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមានថា ទីក្រុងមូស្គូកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំមួយផ្សេងទៀតលើអ៊ុយក្រែន។
លោក Zelensky បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “រុស្ស៊ីបានត្រៀមខ្លួនសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនថ្ងៃមកហើយ នឹងធ្វើវានៅយប់នេះ”។ លោកបានជំរុញថា “ប្រជាជននៅគ្រប់តំបន់ទាំងអស់នៃប្រទេសអ៊ុយក្រែនគួរតែយកចិត្តទុកដាក់ចំពោះការព្រមានអំពីការវាយប្រហារតាមអាកាសនៅថ្ងៃនេះ ហើយការពារខ្លួនឯង”។
ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើរដ្ឋធានីគៀវបានកើតឡើងជាញឹកញាប់ពេញមួយរដូវផ្ការីក និងរដូវក្តៅនេះ។ ខណៈពេលដែលការវាយលុកនៅសមរភូមិបានថយចុះ ទីក្រុងមូស្គូបានអនុម័តយុទ្ធសាស្ត្រថ្មីមួយនៅក្នុងជម្លោះនេះ៖ ការប្រើប្រាស់មីស៊ីលផ្លោងមួយចំនួនធំដើម្បីបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនដែលផ្ទុកលើសចំណុះរួចទៅហើយ។
នៅខាងអ៊ុយក្រែន ទីក្រុងគៀវបានសងសឹកដោយការវាយប្រហារចម្ងាយឆ្ងាយដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងកន្លែងយោធារបស់រុស្ស៊ី សូម្បីតែផ្តោតលើតំបន់ដែលត្រូវបានចាត់ទុកថាជា “បន្ទាយ” ដូចជាទីក្រុងមូស្គូ St. Petersburg។
ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារសងសឹកប្រឆាំងនឹងរុស្ស៊ីមិនអាចការពារទីក្រុងអ៊ុយក្រែនបានទេ ដែលកំពុងអស់មីស៊ីលស្ទាក់ចាប់ Patriot – មីស៊ីលប្រឆាំងយន្តហោះតែមួយគត់ដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលផ្លោងរបស់រុស្ស៊ី៕

រូបថត: Reuters









