សហគ្រាសទេសចរណ៍ និងវិនិយោគិនធំៗ ពីប្រទេសចិន ចាប់អារម្មណ៍ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះ​បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ «វេទិកាទេសចរណ៍ ធុរកិច្ច ឆ្នាំ២០២៦» គាំទ្រយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ដោយមានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ,លោក អ៊ឹម សុធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លោក Zhou Wendong អភិបាលរងក្រុងអ៊ូស៊ី (Wuxi) នៃខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន លោក Ke Kue អគ្គកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តព្រះសីហនុ ព្រមទាំងវិនិយោគិន និងធុរជនជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង៣០០រូប។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍រដូវកាលបៃតង និងសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងកម្ពុជា, (២) ជំរុញការតភ្ជាប់រវាងវិស័យទេសចរណ៍ និងវិនិយោគ តាមរយៈការផ្គូផ្គងធុរកិច្ច និងការជួបពិភាក្សារវាងវិនិយោគិន, និង (៣) ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ជាពិសេសពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា ក្នុងអំឡុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង។

ព្រឹត្តិការណ៍អន្តរជាតិនេះ ក៏បានការរៀបចំព្រឹត្តការណ៍អមជាច្រើនដូចជាការផ្គូផ្គររវាងអ្នកលក់៣៨ក្រុមហ៊ុន និងអ្នកទិញ២៨ក្រុមហ៊ុនក្នុងវិស័យទេសចរណ៍ជាមួយលទ្ធផលរំពឹងទុកចុះកិច្ចព្រមព្រៀងលើសពី៥០%, ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផល ភូមិ១ ផលិតផល១ ព្រមទាំងព្រឹត្តិការណ៍កីឡាទេសចរណ៍៖ ការប្រដាល់គុនខ្មែរ, ការប្រកួតបាល់ទះលើឆ្នេរខ្សាច់, ការប្រកួយវាយកូនឃ្លីលើតុ។ល។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគពីបរទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការវិនិយោគ ជាពិសេសការលើកលែងទិដ្ឋាការជូនប្រជាជនចិនរយៈពេល ៥ខែ ក្នុងអំឡុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងបដិសណ្ឋារកិច្ច។ ទន្ទឹមនឹងនេះ វេទិកានេះក៏ជាឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីរួមគ្នាជំរុញកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងបរិយាកាសដ៏អធិកអធមនៃការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមមានទស្សនគតិសំខាន់ៗចំនួន៣ ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការវិនិយោគនៅខេត្តព្រះសីហនុដោយ ទី១.បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែងាយស្រួល នៅខេត្តព្រះសីហនុទី២.បន្តពង្រីកគុណភាពសេវាកម្ម និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ ដើម្បីត្រៀមខ្លួនទទួលយកភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ព្រមទាំងយកចិត្តទុកដាក់ក្នុងការបង្កើតអត្តសញ្ញាណ និងការនិទានរឿង (Storytelling) របស់ខេត្ត សំដៅលើកស្ទួយ និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ឱ្យកាន់តែទូលំទូលាយ និងទី៣. បន្តជំរុញការផ្សព្វផ្សាយពីភាពទាក់ទាញរបស់កម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងសក្តានុពលពិតប្រាកដរបស់ខេត្តព្រះសីហនុ ទៅកាន់ពិភពលោក ជាពិសេសទីផ្សារប្រទេសចិន។

...

លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈវេទិកាទេសចរណ៍ធុរកិច្ច ឆ្នាំ២០២៦ នេះ នឹងសម្រេចបាននូវកិច្ចព្រមព្រៀងធុរកិច្ចជាច្រើន ព្រមទាំងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខេត្តព្រះសីហនុ និងកម្ពុជាទាំងមូល ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យមានលំហូរភ្ញៀវទេសចរ និងការវិនិយោគកាន់តែច្រើនថែមទៀត៕ ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print