‎សមត្ថកិច្ចបញ្ជាក់ថា ករណីស្ត្រីជនជាតិសិង្ហបុរីម្នាក់ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយសារតែមានសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចបានច្រានចោលការសង្ស័យជុំវិញករណីជួញដូរមនុស្ស ឬការបោកប្រាស់ លើនារីជនជាតិសិង្ហបុរីម្នាក់ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយបញ្ជាក់ថា នេះជាការចាកចេញពីផ្ទះដោយស្ម័គ្រចិត្ត ដើម្បីស្វែងរកការងារធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ដោយសារតែមានសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់គ្រួសារ។

‎

‎យោងតាមប្រភពព័ត៌មាន និងចម្លើយសារភាពពីភាគីពាក់ព័ន្ធបានឱ្យដឹងថា នារីនោះ មានឈ្មោះ SITI AISHAH SIREGAR BINTE SAHAT SIREGAR (ហៅ EVE) ជាជនជាតិសិង្ហបុរី។ រូបនាងបានធ្វើដំណើរចាកចេញពីប្រទេសសិង្ហបុរី នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមជើងហោះហើររបស់ក្រុមហ៊ុន Emirates លេខ EK-348 និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃដដែល។

 

‎មុនពេលធ្វើដំណើរមកដល់ នារីរូបនេះបានកក់បន្ទប់ស្នាក់នៅដោយខ្លួនឯង នៅខុនដូ TK Lane ជិតអង់តែនទួលគោក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈភ្នាក់ងារឈ្មោះ ឃុន ស៊ីនឌីកា (ស្រី-ជនជាតិខ្មែរ)។

‎ប្រភពដដែលបានបន្តថា នៅពេលមកដល់ព្រលានយន្តហោះ នាងត្រូវបានមិត្តភក្តិប្រុសម្នាក់ឈ្មោះ ដួង សទ្ធា ដែលជាប្រជាពលរដ្ឋខ្មែរ និងជាប្រភពស្គាល់គ្នាតាមរយៈការលេងហ្គេមអនឡាញតាំងពីឆ្នាំ២០២៤ ទៅទទួល។

 

ឈ្មោះ ដួង សទ្ធា ដែលបច្ចុប្បន្នជាគ្រាន់តែជានិស្សិតឆ្នាំទី១ នៅវិទ្យាស្ថានភាសាបរទេស (IFL) បានប្រាប់សមត្ថកិច្ចថា ឈ្មោះ EVE បានប្រាប់រូបគេកាលពីថ្ងៃទី២២ ខែកក្កដា ថា នាង នឹងមកដល់ភ្នំពេញនៅថ្ងៃទី២៨ ខែកក្កដា។ រូបគេក៏បានខ្ចីរថយន្តម៉ាក Lexus RX330 ពីមិត្តភក្តិ ទៅទទួលនាងនៅព្រលានយន្តហោះ ជូនមកកាន់ខុនដូ TK Lane ព្រមទាំងបានជូននាងទៅទិញសម្ភារផ្ទះបាយ និងដើរលេងកម្សាន្តធម្មតា។

‎

ពាក់ព័ន្ធនឹងមូលហេតុនៃការចាកចេញ នារីជនជាតិសិង្ហបុរីរូបនេះបានសារភាពថា ខ្លួនមិនបានសុំការអនុញ្ញាតពីឪពុកម្តាយនោះទេ ដោយសារតែឪពុកម្តាយរបស់ខ្លួនមានកម្រិតតឹងរឹងខ្លាំង ដែលប្រាកដជាមិនអនុញ្ញាតឱ្យខ្លួនមកឡើយ។ ទោះជាយ៉ាងណា ខ្លួនបានសរសេរសំបុត្រទុកឱ្យគ្រួសារមុនពេលចាកចេញ។ នាងបានបញ្ជាក់បន្ថែមថា ចាប់តាំងពីមកដល់រាជធានីភ្នំពេញ ខ្លួនពុំត្រូវបាននរណាម្នាក់បង្ខាំង ធ្វើទារុណកម្ម ឬគំរាមកំហែងអ្វីឡើយ។

‎

‎ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងចម្លើយបកស្រាយរបស់ភាគីពាក់ព័ន្ធ សមត្ថកិច្ចបានសន្និដ្ឋានថា‎នារីរូបនេះចាកចេញពីផ្ទះដោយសារការមិនពេញចិត្ត និងសម្ពាធនៃការរឹតបន្តឹងខ្លាំងពេកពីឪពុកម្តាយ។

 

‎ពុំមានបុគ្គលណាម្នាក់ធ្វើការលួងលោម បោកបញ្ឆោត ឬពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឡើយ។ ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា គឺធ្វើឡើងដោយឆន្ទៈខ្លួនឯងផ្ទាល់ ក្នុងគោលបំណងស្វែងរកការងារធ្វើ ដោយគ្មានការបង្ខិតបង្ខំពីភាគីទីបីឡើយ៕

...

‎ប្រភព៖ លេខាធិការដ្ឋាន គ.ប.ឆ.ប.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print