ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅថ្ងៃទី០១ខែសីហានេះថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២នាក់ ពាក់ព័ន្ធករណីចោរកម្ម(លួចខ្សែភ្លើង)ក្នុងរោងចក្រដែលខ្លួនធ្វើការ។
អនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានល្បាតនៅចំណុចផ្លូវលំខាងជើងភ្នំពាំងល្វា ស្ថិតនៅក្នុងភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ។
ប្រភពបានឲ្យដឹងបន្តថាជនសង្ស័យ១.ឈ្មោះ នើន នុ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគោល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប និង២.ឈ្មោះ ជា ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ជនសង្ស័យទាំង២នាក់ខាងលើជាកម្មករស្នាក់នៅក្នុងរោងចក្រកែច្នៃអាគុយដែលជនសង្ស័យទាំង២នាក់ធ្វើការ ពាក់ព័ន្ធនឹងករណីចោរកម្មលួចខ្សែភ្លើងនៅក្នុងរោងចក្រកែច្នៃអាគុយ ស្ថិតនៅក្នុងភូមិចំបក់រុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។
ដកហូតវត្ថុតាង:
– ខ្សែភ្លើង០១ដុំ ទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125
ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ចាម 1R-9023។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវិធីបន្ត៕
ដោយ៖ សុរិយា










