ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្វាគមន៍សំណើបង្កើនទំនាក់ទំនងក្នុងវិស័យសន្តិសុខជាមួយប្រទេសស្រីលង្កា

ចែករំលែក៖

​ភ្នំពេញ៖ ​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការស្វាគមន៍ និងបញ្ជាក់ពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រឱ្យមានជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមហាផ្ទៃ និងភាគីស្រីលង្កា ដើម្បីធ្វើបច្ចុប្បន្នភាពអនុស្សារណៈនៃការយោគយល់ក្នុងវិស័យសន្តិសុខ ព្រមទាំងបង្កើនកម្រិតទំនាក់ទំនងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងវិស័យសន្តិសុខ។ ការគូសបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Edirisinghe Arachchilage Sriyani Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ។

​ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូតស្រីលង្កា បានស្នើសុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពិនិត្យ និងរៀបចំខ្លឹមសារអនុស្សារណៈនៃការយោគយល់ ដែលភាគីទាំងពីរមានជាមួយគ្នាតាំងពីឆ្នាំ២០០៤ឡើងវិញ ព្រមទាំងបានជម្រាបនូវបំណងរៀបចំឱ្យមានមន្ត្រីបង្គោលរវាងក្រសួងមហាផ្ទៃជាមួយស្ថានទូត ឬតំណាងកុងស៊ុលកិត្តិយសស្រីលង្កា ដើម្បីផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធការងារជាមួយគ្នា ក្នុងនោះក៏រួមទាំងការសម្របសម្រួលការងារបញ្ជូនជនជាតិស្រីលង្កាទៅប្រទេសកំណើតវិញផងដែរ។

​ជុំវិញប្រធានបទនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ឱ្យមន្ត្រីទាំងសងខាង បញ្ចូលទៅក្នុងសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ថ្មី នូវកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើសអនឡាញស្កែម  ដោយឯកឧត្តមបានចែករំលែកពីដំណើរឈានទៅមុខក្នុងការងារនេះ ដែលកម្ពុជាបាននិងកំពុងសហការរៀបចំជាមួយប្រទេសកូរ៉េ ចិន ឥណ្ឌូណេស៊ី វៀតណាម និងឡាវជាដើម ពោលគឺភាគីទាំងសងខាងនឹងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកអំពីមុខសញ្ញាជនបរទេសធ្លាប់ ឬពាក់ព័ន្ធនឹងបទល្មើស។

...

​ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការអបអរសាទរចំពោះចំណងការទូតរវាងប្រទេសទាំងពីរ និងបានបង្ហាញសុច្ឆន្ទៈធ្វើការជាមួយគ្នាប្រកបដោយស្មារតីសហប្រតិបត្តិការខ្ពស់ ជាពិសេសក្នុងវិស័យសន្តិសុខ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនទាំងពីរ កម្ពុជា-ស្រីលង្កា ព្រមទាំងសេចក្តីសុខ និងសុវត្ថិភាពនៃមនុស្សជាតិក្នុងតំបន់ និងពិភពលោក ដែលបាននិងកំពុងប្រឈមនឹងវិបត្តិសង្គ្រាម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបទល្មើសឧក្រិដ្ឋដែលមានភាពប្រទាក់ក្រឡាជាសកល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print