Alexandra Eala កីឡាការិនីវាយតឺន្នីសរបស់ប្រទេសហ្វីលីពីន បានបញ្ចប់ដំណើរដ៏អស្ចារ្យរបស់នាងក្នុងព្រឹត្តិការណ៍ Washington Open ដោយយកឈ្នះកីឡាការិនីលំដាប់ទី១នៃការប្រកួត Jessica Pegula ក្នុងលទ្ធផល 4-6, 6-4, 6-0 កាលពីថ្ងៃចន្ទ ហើយក្លាយជាកីឡាការិនីដំបូងបង្អស់ពីតំបន់អាស៊ីអាគ្នេយ៍ដែលឈ្នះពានរង្វាន់ WTA។
ការប្រកួតផ្តាច់ព្រ័ត្រនេះ ត្រូវបានផ្អាកកាលពីថ្ងៃអាទិត្យ ដោយសារភ្លៀងធ្លាក់ខ្លាំង ហើយបានបន្តនៅថ្ងៃចន្ទ។
Eala វ័យ 21 ឆ្នាំ ដែលជាកីឡាការិនីដៃឆ្វេង បានបង្ហាញទម្រង់លេងដ៏រឹងមាំ ជាពិសេសការបម្រើបាល់ និងការវាយបាល់ឈ្នះ (Winners) ជាច្រើន ដើម្បីបញ្ឈប់ Pegula ដែលជាកីឡាការិនីលេខ៣ពិភពលោក មិនឱ្យឈ្នះពានទី១២ក្នុងអាជីព និងពានទី៣ប្រចាំឆ្នាំនេះ។
នាងបានឈ្នះ 9 ហ្គេមជាប់គ្នា នៅចុងការប្រកួត ហើយក្នុងសិតទី៣ បានបាត់បង់ត្រឹមតែ 8 ពិន្ទុប៉ុណ្ណោះ។
Eala បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់។”
នាងបានបន្ថែមថា៖ “ការឈ្នះពាន WTA 500 គឺអស្ចារ្យមិនគួរឱ្យជឿ។ វាជាជំហានដ៏សំខាន់មួយក្នុងអាជីពរបស់ខ្ញុំ។ នៅដើមសប្តាហ៍នេះ ឬសូម្បីតែដើមឆ្នាំ ខ្ញុំមិនដែលគិតថាខ្ញុំនឹងកាន់ពាននេះទេ។”
យកឈ្នះកីឡាការិនីកំពូលជាច្រើន
ក្នុងដំណើរទៅកាន់ជើងឯក Eala បានយកឈ្នះកីឡាការិនីល្បីៗជាច្រើន រួមមាន៖
ម្ចាស់មេដាយមាសអូឡាំពិក Zheng Qinwen
កីឡាការិនីលេខ២នៃការប្រកួត Elina Svitolina
អតីតលេខ១ពិភពលោក Naomi Osaka
ម្ចាស់ជើងឯកការពារពាន Leylah Fernandez
Eala បាននិយាយថា៖ “វាជាផ្លូវដ៏លំបាកខ្លាំង។ ខ្ញុំដឹងថាការប្រកួតមានគូប្រជែងខ្លាំងៗ ហើយខ្ញុំពិតជាមានមោទនភាពដែលអាចឆ្លងកាត់ឧបសគ្គទាំងអស់បាន។”
ការប្រកួតអូសបន្លាយជិត 24 ម៉ោង
ទោះបីម៉ោងប្រកួតផ្លូវការមានត្រឹម 1 ម៉ោង 45 នាទី ក៏ដោយ ប៉ុន្តែដោយសារភ្លៀង ការប្រកួតត្រូវចំណាយពេលជិត 24 ម៉ោង ទើបបញ្ចប់។
Pegula បានឈ្នះសិតទី១ ដោយលទ្ធផល6-4 ខណៈ Eala នាំមុខ 2-1 ក្នុងសិតទី២ មុនការប្រកួតត្រូវផ្អាក។
នៅថ្ងៃបន្ទាប់ Pegula មិនអាចរកចង្វាក់លេងរបស់ខ្លួនវិញបានឡើយ ខណៈ Eala បន្តលេងយ៉ាងល្អ និងវាយបំបាក់ Pegula ក្នុងហ្គេមទី១០ ដើម្បីឈ្នះសិតទី២ និងបន្តឈ្នះសិតទី៣យ៉ាងងាយស្រួល។
Pegula បានសរសើរ Eala ថា៖
“វាពិតជាល្អណាស់ដែលឃើញនាងអាចគ្រប់គ្រងការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រហ្វីលីពីន។ វាបង្ហាញពីភាពចាស់ទុំរបស់នាង ទាំងក្នុងនាមជាកីឡាការិនី និងជាមនុស្សម្នាក់។”
ត្រៀមប្រកួតបន្ទាប់
បន្ទាប់ពីបញ្ចប់ការប្រកួតនេះ កីឡាការិនីទាំងពីរ នឹងធ្វើដំណើរទៅកាន់ទីក្រុង Toronto ដើម្បីចូលរួមការប្រកួត WTA 1000 លើទីលានរឹង។
Jessica Pegula ជាកីឡាការិនីជាប់ចំណាត់ថ្នាក់លេខ 3 នៃការប្រកួត។
Alexandra Eala ជាប់ចំណាត់ថ្នាក់លេខ 25 ហើយត្រូវបានព្យាករថានឹងឡើងដល់ លេខ 20 ពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងអាជីពរបស់នាង៕










