អ៊ីស្រាអែល៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu បានចុះផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានលើកឡើង កាលពីថ្ងៃអង្គារ ថា កងទ័ពអ៊ីស្រាអែលនឹងមិនដកចេញពីតំបន់ដែលខ្លួនកាន់កាប់នៅក្នុងតំបន់ហ្គាហ្សានោះទេ រហូតដល់ក្រុមហាម៉ាសប៉ាឡេស្ទីន រំសាយអាវុធទាំងស្រុង។
លោក ណេតាន់យ៉ាហ៊ូ បានអះអាងជាវីដេអូមួយ បង្ហោះនៅលើបណ្តាញសង្គម Facebook ថា៖ « ខ្ញុំនៅតែប្តេជ្ញាចិត្ត ចំពោះផលប្រយោជន៍សន្តិសុខរបស់យើង»។
វីដេអូរបស់លោកបានកើតឡើងក្នុងចំណោមការមិនចុះសម្រុងគ្នាលើផែនទីបង្ហាញផ្លូវដែលក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញសម្រាប់ការដកហូតអាវុធរបស់ហាម៉ាស និងការដកខ្លួនរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាក្រោមកិច្ចព្រមព្រៀងឈប់បាញ់។
លោកបន្តថា៖ « យើងនឹងមិនដកខ្លួនចេញពីជំហរបច្ចុប្បន្នរបស់យើងទេ រហូតដល់ក្រុមហាម៉ាសត្រូវបានដកហូតអាវុធទាំងស្រុង»។
គួរបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលកាន់កាប់តំបន់ហ្គាហ្សា ជិត៧០ភាគរយ បន្ទាប់ពីសង្គ្រាមប្រល័យពូជសាសន៍ សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧៣ ០០០នាក់ និងរបួសជាង ១៧៤ ០០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ។ នេះបើយោងតាមតួលេខរបស់អាជ្ញាធរប៉ាឡេស្ទីន។
លោក ណេតាន់យ៉ាហ៊ូ អះអាងថា ប្រធានាធិបតីអាមេរិក លោក ត្រាំ ជឿជាក់ ថា អ៊ីស្រាអែលអាចដកហូតអាវុធពីក្រុមហាម៉ាស និងធ្វើឱ្យតំបន់ហ្គាហ្សាមានភាពស្ងប់ស្ងាត់។
ទីក្រុង Tel Aviv ទទូចថា ការដកហូតអាវុធត្រូវតែបញ្ចប់មុនពេលដកទ័ពចេញ ខណៈផែនទីបង្ហាញផ្លូវដែលបានប្រកាសដោយក្រុមប្រឹក្សាសន្តិភាព និងទទួលយកដោយក្រុមហាម៉ាស អំពាវនាវឱ្យជំហានទាំងពីរ ត្រូវបានអនុវត្តបន្តិចម្តងៗ និងស្របគ្នា៕ដោយ៖តារា










