ភ្នំពេញ៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានគាំទ្រដល់យុវជននៅក្នុងតំបន់មេគង្គ-ឡានឆាង ឱ្យចេះទាញយកឱកាស និងផលចំណេញពីការរីកចម្រើននៃសម័យឌីជីថល បច្ចេកវិទ្យា នវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។
ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ក្នុងកម្មវិធី «ទូកសន្តិភាពឡានឆាង-មេគង្គ» កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ លោកបណ្ឌិតបានមានប្រសាសន៍ថា ការជួបជុំគ្នារវាងយុវជននៅក្នុងប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង នៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងលើវិស័យវប្បធម៌ ទេសចរណ៍ ការទូត និងបរិស្ថាន ជាដើម។
លោកបណ្ឌិតលើកទឹកចិត្តដល់យុវជនកម្ពុជាត្រូវឆក់យកឱកាសនេះ ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍយូរអង្វែងសម្រាប់ប្រទេសជាតិ និងតំបន់ទាំងមូល។
លោកឡើងដូច្នេះថា៖ « សំខាន់មែនទែនក្នុងការដោះស្រាយបញ្ហាប្រឈមប៉ុន្តែទាញយកឱកាសផលចំណេញពីបច្ចេកវិទ្យាក្នុងសម័យឌីជីថលនេះក្នុងគោលដៅឆ្លើយតបទៅនឹងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ។»
លោក សួស ប្រសិទ្ធ ជាយុវជនកម្ពុជាម្នាក់ បានមើលឃើញថា ប្រទេសចិនពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកនូវបទពិសោធផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត (AI) ព្រោះប្រទេសចិនជាប្រទេសរីកចម្រើនខ្លាំងផ្នែកវិទ្យាសាស្ត្រមួយនេះ។
សូមបញ្ជាក់ថា «បច្ចេកវិទ្យាទំនើប» គឺជាស្លាបដែលនឹងនាំយុវជន និងប្រទេសជាតិហោះហើរទៅកាន់ភាពរុងរឿង។ យុវជនកម្ពុជាសម័យថ្មី ត្រូវបន្តពង្រឹងសមត្ថភាពខ្លួនឯង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ឌីជីថល និងយកចំណេះដឹងផ្នែកបច្ចេកវិទ្យាមកកសាងសន្តិភាព ការពារឯករាជ្យភាព និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឈានឡើងដល់កម្រិតថ្មីមួយទៀតប្រកបដោយមោទនភាព៕
ប្រភព ៖ (CCFR)











