ខេត្តកំពង់ធំ ៖ យោងតាមការបង្ហោះផ្សាយរបស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ លោកបានបំភ្លឺជូនក្រុមប្រឹក្សាអំពីការងារប្រយុទ្ធប្រឆាំងបទល្មើសប្រឆាំងធនធានធម្មជាតិនិងកិច្ចការពារដីរដ្ឋជាពិសេសការបំភ្លឺករណីនៅតំបន់មុំ៣ ឃុំស្រឡៅ ស្រុកតាំងគោក ពាក់ព័ន្ធនឹងដីតំបន់ ៣ (វាលក្រោម) និងការកាយព្រំដីរបស់រដ្ឋដែលបានចុះបញ្ជីនៅឃុំបឹងល្វា ស្រុកសន្ទុក ដែលមានការចុះផ្សាយក្នុងបណ្តាញសារព័ត៌មាន។
លោកអភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា អ្វីដែលសំខាន់គឺក្រុមការងាររបស់យើងមានអភិក្រមក្នុងការបំពេញការងារច្បាស់លាស់គឺ ការគោរពគោលការណ៍ច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាលនិងតួនាទីភារកិច្ចរបស់ខ្លួនដែលមានចែងក្នុងច្បាប់ដោយភាពស្មោះត្រង់។ ប្រកាន់ខ្ជាប់នូវអភិក្រមការងារទាំងនេះហើយយើងមិនមានអ្វីដែលត្រូវភ័យខ្លាចនិងរាថយចំពោះឧបសគ្គដែលមាននោះទេ៕
ដោយ ៖ សិលា










