ភ្នំពេញ៖ បញ្ហាសំរាមដែលប្រជាពលរដ្ឋ មួយចំនួនមិនយល់ពីផលប៉ះពាល់ដល់ បរិស្ថាននិងធ្វើឲ្យបាត់បង់សណ្តាប់សាធារណៈ នាំគ្នាយកមកចាក់គរចោលនៅចិញ្ចើមផ្លូវ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនោះបានធ្វើ ឲ្យអ្នកដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ១រិះគន់ទៅលើអាជ្ញាធរខណ្ឌមិនបានយក ចិត្តទុកដាក់ក្នុងការប្រមូលសំរាមចេញពី ចិញ្ចើមផ្លូវទុកបង្អួតភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ។
គំនរសំរាមដែលប្រជាពលរដ្ឋយកមកចាក់គរចោលជាហេតុនាំឲ្យអ្នកដំណើររិះគន់អាជ្ញាធរ ខណ្ឌច្បារអំពៅរឿងមិនប្រមូល សំរាមចេញពីចិញ្ចើមផ្លូវជាតិលេខ១ជះក្លិនស្អុយមកលើអ្នកដំណើរនិងជាប្រភពនៃការចម្លងមេរោគមាន៣កន្លែង ទី១-នៅក្នុងសង្កាត់ក្បាលកោះត្រូវបានប្រជាពលរដ្ឋមួយចំនួននាំគ្នាយកមកចាក់គរចោលនៅជាប់ចិញ្ចើមផ្លូវជាតិក្បែរស្លាកប៉ាណូរបស់សាលារាជធានីភ្នំពេញនិងក្រសួងបរិស្ថាន សរសេរអក្សរមានខ្លឹមសារថា ” រួមគ្នាដើម្បី ទីក្រុងស្អាត ” ប្រកាសអន្តរក្រសួងលេខ ៨០, ប្រការ៤ ការបោះចោលឬចាក់ចោល សំណល់រឹងសំរាមរាយប៉ាយតាមដងផ្លូវ ទីសធារណៈ ទីផ្សារ ទីវាលស្រែចម្ការ ច្រាំង ទន្លេ ប្រភពទឹក ប្រព័ន្ធប្រឡាយ លូបង្ហូរ ទឹក…ត្រូវហាមឃាត់ជាដាច់ខាត ។ ប្រការ ៦ ជនណាដែលប្រព្រឹត្តល្មើសនឹងប្រការ៤ ត្រូវទទួលការពិន័យជាប្រាក់ពី១ម៉ឺនរៀល ដល់១០ម៉ឺរៀល ។ ក្នុងករណីមិនរាងចាលត្រូវទទួលការពិន័យជាប្រាក់ទ្វេដង ។ ទី២- នៅក្នុងសង្កាត់ព្រែកឯងមាន២កន្លែង នៅខាងកើតជញ្ជីងថ្លឹងរថយន្តមានមួយកន្លែង ត្រូវប្រជាពលរដ្ឋយកសំរាមមកចាក់គរទុក ចោលនៅក្បែរស្លាកប៉ាណូរបស់សាលារាជ ធានីភ្នំពេញនិងក្រសួងបរិស្ថានដូច នៅ សង្កាត់ក្បាលកោះដែរ និងមួយកន្លែងទៀតនៅខាងលិចផ្សារព្រែកឯងចាក់គរហៀរស្ទើរតែមកដល់កណ្តាលទ្រូងផ្លូវ ។
ទីតាំងទាំង៣កន្លែងនេះកំពុងធ្វើឲ្យអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ១រិះគន់ទៅលើ អាជ្ញាធរខណ្ឌច្បារអំពៅដែលមិនយកចិត្ត ទុកដាក់ក្នុងការប្រមូលសំរាមចេញពីចិញ្ចើមផ្លូវជាតិ ទុកចោលពាសវាលពាលកាលជះក្លិនស្អុយអសោចមកលើអ្នកធ្វើដំណើរកាត់តំបន់នោះ ។
ពាក់ព័ន្ធករណីនេះដែរលោកថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់នគរវត្តដូច្នេះថា បញ្ហាសំរាមនេះអាជ្ញាធរយកចិត្តទុកដាក់ណាស់ជាពិសេសនៅក្នុងសង្កាត់ទាំង៤ដែលកាត់ចេញពីស្រុកកៀនស្វាយ រួមមានសង្កាត់ក្បាលកោះសង្កាត់ព្រែកឯង សង្កាត់វាលស្បូវ និងសង្កាត់ព្រែកថ្មី ។ បញ្ហា សំរាមអាជ្ញាធរបានជួបជាមួយក្រុមហ៊ុន ប្រមូលសំរាមស៊ីនទ្រី ២-៣លើកមកហើយដើម្បីចុះកិច្ចព្រមព្រៀងជាមួយគ្នា…ក្នុង ពេលឆាប់ៗខាងមុខនេះនឹងឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស៊ីនទ្រីហើយ រវាងសាលារាជធានី សាលាខណ្ឌ ច្បារអំពៅជាមួយក្រុមហ៊ុនក្នុងការចុះទៅប្រមូលសំរាមនៅក្នុងសង្កាត់ទាំង៤ អាចនឹងចាប់ផ្តើមអនុវត្តចាប់ពីខែតុលាខាងមុខ ។ ជា មួយគ្នានេះដែរសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមេត្តាយោគយល់ចំពោះបញ្ហាសំរាមនេះផង ព្រោះកន្លងមក អាជ្ញាធរ ខណ្ឌ,សង្កាត់បានចុះទៅប្រមូលនិងដុតកម្ទេចចោលច្រើនលើកច្រើនសាមក ហើយ តែនៅមានប្រជាពលរដ្ឋមួយចំនួនគាត់នៅតែយកសំរាមកបោះចោលដដែល ពោល គឺបំពាននឹងការណែនាំ ។ តែទោះជាយ៉ាងណាក៏ដោយអាជ្ញាធរនឹងដោះ ស្រាយបញ្ហាសំរាមនៅក្នុងសង្កាត់ទាំង៤ ឲ្យខាងតែបាន ៕
ដោយ៖ សណ្តោស