សមាគមបាល់ទាត់អ៊ុយរូហ្គាយ (AUF) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាលោក Diego Forlan ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយរូហ្គាយឈុតធំ និងក្រុមអាយុក្រោម 20 ឆ្នាំ។
អតីតខ្សែប្រយុទ្ធវ័យ 47 ឆ្នាំ ដែលធ្លាប់លេងឱ្យ Manchester United, Atletico Madrid និង Inter Milan រូបនេះ មកជំនួស លោក Marcelo Bielsa ដែលបានចាកចេញ បន្ទាប់ពីអ៊ុយរូហ្គាយធ្លាក់ចេញត្រឹមវគ្គចែកពូលនៃ FIFA World Cup ដោយមិនអាចឈ្នះសូម្បីតែមួយប្រកួត។
AUF បានបញ្ជាក់ថា Forlan នឹងចាប់ផ្តើមការងារភ្លាមៗ ជាមួយក្រុមជម្រើសជាតិអាយុក្រោម 20 ឆ្នាំជាមុនសិន។
ក្នុងសេចក្តីថ្លែងការណ៍ AUF បានលើកឡើងថា៖ «Forlan បានត្រឡប់មកកាន់កន្លែងដែលគាត់បានបន្សល់ទុកកេរ្តិ៍ឈ្មោះដ៏អស្ចារ្យ។ គាត់គឺជាគំរូ វីរបុរស និងជានិមិត្តរូបនៃជំនាន់ដ៏អស្ចារ្យមួយ។ កីឡាករល្អបំផុតប្រចាំ World Cup ឆ្នាំ 2010 នៅអាហ្វ្រិកខាងត្បូង បានត្រឡប់មកវិញ ដើម្បីចែករំលែកបទពិសោធន៍ ភាពជាអ្នកដឹកនាំ និងចំណេះដឹងដ៏ជ្រាលជ្រៅអំពីបាល់ទាត់អន្តរជាតិ ក្នុងនាមជាគ្រូបង្វឹក»។
ការតែងតាំងនេះគឺជាផ្នែកមួយនៃផែនការកែលម្អក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បន្ទាប់ពីការចាកចេញរបស់ Bielsa។
លោក Marcelo Bielsa បានចាកចេញនៅពេលកិច្ចសន្យារបស់លោកផុតកំណត់ ហើយបានទទួលស្គាល់ក្នុងសន្និសីទសារព័ត៌មានថា លោកមិនអាចកសាងក្រុមដែលមានទេពកោសល្យមួយនេះឱ្យក្លាយជាក្រុមដែលអាចជៀសផុតពីការខកចិត្តនៅ World Cup បានឡើយ។
សារព័ត៌មានក្នុងស្រុកក៏បានរាយការណ៍ផងដែរថា មានភាពតានតឹងរវាង Bielsa និងកីឡាករមួយចំនួនក្នុងអំឡុងពេលការប្រកួត World Cup។
Forlan ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយ 112 ប្រកួត និងបានជួយក្រុមឈ្នះពាន Copa America ឆ្នាំ 2011។
បន្ទាប់ពីប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករនៅឆ្នាំ 2019 គាត់បានបន្តអាជីពជាគ្រូបង្វឹក ដោយដឹកនាំក្លិបអ៊ុយរូហ្គាយ Penarol និង Atenas។
Forlan នឹងដឹកនាំក្រុមជម្រើសជាតិអ៊ុយរូហ្គាយក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលគ្រោងធ្វើឡើងចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំនេះ៕










