ភ្នំពេញ៖ ជនសង្ស័យម្នាក់បានបោកក្បាលនិងបង្គោលថ្មស្លាប់ភ្លាមៗ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋពីខណ្ឌឫស្សីកែវត្រូវម្ចាស់ឃើញទាន់ជិះប្រដេញតាមពីក្រោយរហូតមកដល់ផ្លូវព្រះស៊ីសុវត្ថិខណ្ឌដូនពេញជ្រុលទៅបុកឃឿនដួលម៉ូតូអូសបោកក្បាលនិងបង្គោលថ្ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ។
បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទុកម៉ូតូរបស់ម៉ាកហុងដាប៊ីត ពណ៌ផ្ការឈូកលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1IE-7537នៅខាងមុខផ្ទះចំណុចខាងក្រោយស្ពានបាឡេ នៃខណ្ឌឫដ្សីកែវ ក្រោយមកស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានចូលធ្វើសកម្មភាពលួចកាច់ករជិះរត់គេចខ្លួន ភ្លាមនោះក៏ជនរងគ្រោះឃើញទាន់ជិះប្រដេញតាមពីក្រោយ រហូតមកដល់ផ្លូវព្រះសុីសុវត្តិ សង្កាត់ចតុមុខខណ្ឌដូនពេញ ក៏ជនសង្ស័យជិះគេចជ្រុលទៅបុកខឿនចិញ្ចើមផ្លូវរួចបន្តទៅបុកបង្គោលថ្មបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ។ក្រោយមកជនរងគ្រោះត្រូវសមត្ថកិច្ចហៅទៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខសួរនាំរឿងហេតុបន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរងចាំពិនិត្យឯកសារប្រគល់ជូនជនរងគ្រោះវិញ ចំណែកសព សមត្ថកិច្ចបានទាក់ទងរកក្រុមគ្រួសារដើម្បីឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










