ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូន សមាជិក សមាជិកា សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងអតីតយុទ្ធមិត្តចំនួន៤៩១គ្រួសារ ដែលបានរៀបចំឡើងនៅទីតាំងដីសម្បទានសង្គមកិច្ច ភូមិជីកដី ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី
អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដោយសម្តេចបានបញ្ជាក់ថា៖ អតីតយុទ្ធជនគឺជាអ្នកដែលមានគុណូបការៈដ៏ធំធេងចំពោះជាតិនិងប្រជាជន មិនដែលបំភ្លេចចោលនូវការលះបង់របស់យុទ្ធជនឡើយ រួមជាមួយនឹងការផ្តល់ដីសម្បទានសង្គមកិច្ច សង់ផ្ទះជូនអតីតយុទ្ធជនដោះស្រាយជីវភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពប្រសើរឡើង។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា
ណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តបន្តបេសកកម្មយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម និងកម្រិតជីវភាពរបស់អតីតយុទ្ធជន ដោយបានណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមាគមអតីតយុទ្ធជនពង្រីកសេវាថែទាំសុខភាព ការផ្តល់ប្រាក់របបសន្តិសុខសង្គមឱ្យបានទៀងទាត់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់អភិវឌ្ឍន៍សង្គមកិច្ច។ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ និងថែរក្សាសុខុមាលភាពគ្រួសារ សម្តេចកិត្តិសង្គហបណ្ឌិតបានផ្តល់នូវមតិផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ចំនួន៤ចំណុច៖
១.បន្តរួមសាមគ្គីភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យបានល្អប្រសើរ។
២. សូមឱ្យបងប្អូនអតីតយុទ្ធមិត្តនិងគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត។
៣. ត្រូវខិតខំបង្កបង្កើនផលបន្ថែមលើដីធ្លីដែលមាន តាមរយៈការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយចំណាយក្នុងជីវភាពប្រចាំថ្ងៃ។
៤.ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងខេត្តស្វាយរៀង បន្តចុះតាមដាន សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមឬតម្រូវការចាំបាច់របស់អតីតយុទ្ធជននិងនិវត្តជនឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកឱ្យអ្នកណាម្នាក់រស់នៅក្នុងភាពឯកោឡើយ។
សម្តេច ម៉ែន សំអន ក៏បាននាំយកអំណោយឧបត្ថម្ភ និងសម្ភារៈប្រើប្រាស់ចែកជូនដល់អតីតយុទ្ធមិត្តទាំង៤៩១ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ១០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប មី ១កេស ទឹកសុទ្ធ ១កេស ភួយ ១ និងថវិកាមួយចំនួន៕














