គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញ ស្គេម នៅអគារខុនស្តារស៊ីធី ខណ្ឌសែនសុខ ឃាត់ជនជាតិវៀតណាម១៤នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការរបស់ខ្លួន ចុះបង្ក្រាបទីតាំងអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យឃើញបន្ទប់ចំនួន០៣ នៃអគារខុនដូរខាងលើដែលមានការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកតាមប្រព័ន្ធអនឡាញ Online Scams ក្នុងនោះមានបន្ទប់លេខ ៦០២ , បន្ទប់លេខ ៩០២ និងបន្ទប់លេខ១០១១ ។

ក្នុងនោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ ស្រី០១នាក់ ដោយបានដកហូតវត្ថុតាង និងសម្ភារពាក់ព័ន្ធរួមមាន ៖ ជាន់ទី៦ បន្ទប់លេខ៦០២ ដកហុតបានកុំព្យូទ័រ All In One ចំនួន០៧គ្រឿង , ទូរស័ព្ទដៃ ចំនួន០៤គ្រឿង ។ ជាន់ទី៩ បន្ទប់លេខ៩០២ ដកហូតបានក៉ំព្យូទ័រ All in one ចំនួន០៦គ្រឿង , ទូរស័ព្ទដៃ ចំនួន០៨គ្រឿង និងជាន់ទី១០ បន្ទប់លេខ១០១១ ដកហូតបានកុំព្យូទ័រយួរដៃ ចំនួន៤គ្រឿង , All in one ចំនួន១គ្រឿង , ទូរស័ព្ទដៃចំនួន៦គ្រឿង ។

ផ្អែកតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ រកឃើញថា ៖ ក្រុមជនសង្ស័យ បានប្រើប្រាស់ប្រទេសកម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (OnlineScams) ក្រោមរូបភាព វិនិយោគ ,បញ្ជាទិញទំនិញក្លែងក្លាយ និងក្លែងត្រា ប្រើត្រាក្លែងក្លាយរបស់ អង្គភាពយោធាមូលដ្ឋានរបស់ប្រទេសវៀតណាម សំដៅទៅពលរដ្ឋវៀតណាម ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងនីតិវិធី បញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ នៅពេលខាងមុខ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print