ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បានបេីករថយន្តម៉ាក hyundai starex ក្នុងស្ថានភាពស្រវឹងធ្វើឱ្យជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់រថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅ
ជិតភ្លើងស្តុបផ្សារដេប៉ូ ផ្លូវ១៨២ កែងផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេ
ឃេីញបុរសជនជាតិវៀតណាមម្នាក់
បានបេីករថយន្ត hyundai starex ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-8790 តាមបណ្ដោយផ្លូវលេខ១៨២ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុសង្ស័យ
អ្នកបេីកស្រវឹងហើយងោកទេីបធ្វេីឲ្យរថយន្តរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតរលំខូចទ្រង់ទ្រាយអស់ចំនួន៣កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតយ៉ាងដំណំ រីឯអ្នកបេីករថយន្តវិញបានគាបជាប់នៅក្នុងរថយន្ត តែត្រូវបានប្រជាពលរដ្ឋជួយវាយកញ្ចក់ទាញយកមនុស្សចេញក្រៅដោយមានស្នាមរបួសតិចតួចផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់និងបានប្រគល់ឲ្យជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែងស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










