ខេត្តកំពង់ស្ពឺ÷ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះឃាត់ ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពហែកទ្វារដែក ចូលក្នុងផ្ទះគេ បានត្រឹមតែពាក់កណ្ដាលខ្លួន ខណៈនោះត្រូវម្ចាស់ឃើញទាន់ក៏ឃាត់តែម្ដង ប្រគល់ឲ្យសមត្ថកិច្ចតែម្តង!។
ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង១១:១០នាទីព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ ស្ថិតនៅក្នុងភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចស្រុកគងពិសីបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ឆិល សំណាង ហៅ(ម៉ាញ ) ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅក្នុងភូមិស្រេច ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
រីឯម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ ណន សុខុន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅក្នុងភូមិស្រេច ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រុកគងពិសីបានបន្តឲ្យដឹងទៀតថា យោងតាមការរៀបរាប់របស់ម្ចាស់ផ្ទះរងគ្រោះ នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចូលទាញហែកទ្វារផ្ទះ បណ្តាលឱ្យដាច់របើកទ្វារ ហើយជន សង្ស័យបានឈានជើងចូលក្នុងផ្ទះបានពាក់កណ្តាលខ្លួនប៉ុណ្ណោះ ខណៈនោះក៏ត្រូវបានម្ចាស់ផ្ទះមកទាន់ ហេីយបានឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្តកិច្ច អនុវត្តតាមច្បាប់តែម្តងទៅ ។ បន្ទាប់មក ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគបាលស្រុកគងពិសី ដើម្បីសួរនាំបន្ត។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជា បានលួចចូលផ្ទះរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែនគឺក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិដែលជារបស់មានតម្លៃគេ! ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាន នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










