រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តមន្ត្រីកសិកម្មឃុំ បន្តជួយកសិករលើការកាត់បន្ថយថ្លៃចំណាយ និងទទួលផលចំណេញខ្ពស់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ជួយគាំទ្រប្រជាកសិករ ក្នុងការអនុវត្តបច្ចេកទេសកាត់បន្ថយថ្លៃដើម និងបង្កើនផលិតភាព ដើម្បីធានាឱ្យកសិករទទួលបានផលចំណេញខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅ។

 

ក្នុងកម្មវិធីជួបសំណេះសំណាលតម្រង់ទិស និងស្តាប់សំណើរសំណូមពររបស់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុង/ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៦កន្លងទៅ លោករដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងពីសារសំខាន់របស់មន្រ្តីកសិកម្មឃុំ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជួយគាំទ្រប្រជាកសិករក្នុងការវិភាគសេដ្ឋកិច្ច គណនាថ្លៃដើមផលិត បច្ចេកទេសផលិត និងការតភ្ជាប់ទីផ្សារ ស្របតាមទស្សនទាន “មានហូប មានប្រើ មានបាន និងមានរហូត”។

 

ទាក់ទិនការលើកឡើងខាងលើនេះ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តពិតជាមានគាំទ្រចំពោះគោលនិយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការតម្រង់ទិសវិស័យកសិកម្មនេះដោយស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទាំងគុណភាព និងបរិមាណខ្ពស់លើគ្រប់វិស័យកសិកម្មទាំងអស់ក្នុងខេត្ត។

 

ជាក់ស្តែង នៅក្នុងខេត្តស្ទឹងត្រែង ប្រជាជនដែលប្រកបមុខរបរកសិកម្មមានចំនួនជាង ៧៦% ពាណិជ្ជកម្ម៥% សិប្បកម្ម៤% ចិញ្ចឹមសត្វ៣% និងនេសាទ១%។ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៨៩៨ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៧%។

 

សូមជម្រាបជូនថា មន្រ្តីកសិកម្មឃុំ-សង្កាត់ គឺជាប្រព័ន្ធប្រសាទ និងជាតួអង្គសំខាន់របស់ក្រសួងកសិកម្ម ក្នុងការប្រមូលនូវទិន្នន័យ ព័ត៌មាននៅតាមមូលដ្ឋាន ដើម្បីអនុញ្ញាតឱ្យក្រសួងកសិកម្ម មានទិន្នន័យគ្រប់ជ្រុងជ្រោយក្នុងការបម្រើការងារបច្ចេកទេសដល់កសិករចំគោលដៅ ជំរុញកសិករផ្សារភ្ជាប់នឹងសហគមន៍កសិកម្មទំនើប មានផលចំណេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

...

ដោយ៖ តារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print