ខេត្តមណ្ឌលគិរី៖ មន្ត្រីនគរបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៥ខែសីហានេះថា កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងពាក់ព័ន្ធ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានធ្វើការស្រាវជ្រាវ និងឈានទៅបង្ក្រាបទីតាំងដែលសង្ស័យថាមានសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន៖
១. ឈ្មោះ វីន មករា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
២. ឈ្មោះ ធី សំអូន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។
៣. ឈ្មោះ ងួន ទុំ ហៅ ព្រីង ឬ រ៉ាំបូ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ក្នុងការឆែកឆេរ និងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន២កញ្ចប់តូច ទម្ងន់ សរុប ០,៧៧ក្រាម ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូត ម៉ូតូចំនួន២គ្រឿង ក្នុងនោះមានម៉ូតូ Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID-9770 ចំនួន១គ្រឿង និងម៉ូតូ WAVE ពណ៌ស គ្មានក្បាំង និងគ្មានស្លាកលេខ ចំនួន១គ្រឿង។ បន្ថែមពីនេះ មានទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក OPPO ពណ៌ទឹកសមុទ្រ និងម៉ាក VIVO ពណ៌ទឹកខ្មៅ។
ក្រោយការបង្ក្រាប ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាំមកកាន់សមត្ថកិច្ចជំនាញ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចអះអាងថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ គឺជាផ្នែកមួយនៃការបង្កើនប្រសិទ្ធភាពការងារប្រឆាំងគ្រឿងញៀន និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ព្រមទាំងចូលរួមទប់ស្កាត់ការរីករាលដាលនៃការជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់៕
ដោយ៖ សុរិយា










