ខេត្តតាកែវ៖ កម្លាំងនគរបាលអធិការដ្ឋានស្រុកត្រាំកក់ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមជនសង្ស័យចំនួន ៤នាក់ ដែលសង្ស័យពាក់ព័ន្ធករណីធ្វើសកម្មភាពកាប់ស្ត្រីម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ នៅមុខវត្តចំប៉ា។
ហេតុការណ៍ហិង្សានេះបានកើតឡើងនៅយប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅចំណុច ភូមិតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមព័ត៌មានបឋម ក្រោយទទួលបានព័ត៌មានអំពីករណីហិង្សាខាងលើ កម្លាំងនគរបាលស្រុកត្រាំកក់ បានចុះស្រាវជ្រាវ និងតាមដានរហូតឈានដល់ការកំណត់អត្តសញ្ញាណ និងបង្ក្រាបជនសង្ស័យចំនួន ៤នាក់។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបញ្ជាក់ជាបឋមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវ ជ្រាវ និងបង្ក្រាបបាននៅទីតាំងផ្សេងៗគ្នា ក្នុងនោះ ម្នាក់ត្រូវបានបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៣នាក់ទៀតត្រូវបានបង្ក្រាបនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបាននាំមកកាន់សមត្ថកិច្ច ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ ចំពោះមូលហេតុ និងព័ត៌មានលម្អិតនៃករណីនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ។ព័ត៌មានលម្អិតនឹងផ្សាយជូនបន្ថែមនៅពេលទទួលបានព័ត៌មានច្បាស់ការពីសមត្ថកិច្ច៕
ដោយ៖ សុរិយា










