ខេត្តកំពង់ចាម÷ របាំងផ្ចិតព្រែកព្រួលឫស្សី និងសាច់រ៉ាវ ចំនួន ៣កន្លែង មានប្រវែង ៣០ម៉ែត្រ ត្រូវបានជំនាញជលផល ចុះរុះរើបំផ្លាញចោល ពេលដែលខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ និងអាជ្ញាធរឃុំបាធាយ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ៣ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ ។
បើតាម លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ឲ្យដឹងថា ការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ទាំង ៣ករណី នៅចំណុចផ្សេងៗគ្នា នៃភូមិសាស្ត្រ ខាងលើ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ ក្នុងនោះជំនាញ បានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមាន៖ ករណីទី១ នៅចំណុចចុងព្រែកខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ បានរុះរើរបាំងផ្ចិតព្រែកព្រួលឫស្សី ចំនួន ១កន្លែង មានប្រវែង ៨ម៉ែត្រ បង្គោលចម្រឹងចំនួន ២១ដើម ។
ករណីទី២ នៅចំណុចស្ពានខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ បានរុះរើរបាំងផ្ចិតព្រែកព្រួលឫស្សី ចំនួន ១ កន្លែង មានប្រវែង ១២ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥ ដើម ។ និងករណីទី៣ នៅចំណុចស្ពានព្រែកតូច ឃុំបាធាយ ស្រុកបាធាយ បានរុះរើរបាំងផ្ចិតព្រែកសាច់រ៉ាវ ចំនួន ១កន្លែង មានប្រវែង ១០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ១៨ដើម ផងដែរ ៕
ដោយ៖ សុរិយា










