កូរ៉េខាងត្បូងឆ្លើយតបបន្ទាប់ពីលោក Trump អំពាវនាវឱ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នា

ចែករំលែក៖

កូរ៉េខាងត្បូងនិយាយថា ខ្លួនកំពុងពិចារណាលើការកត់សម្គាល់របស់លោកប្រធានាធិបតី Trump អំពីការកាត់បន្ថយទំហំនៃសមយុទ្ធយោធារួមគ្នា ដោយសង្ឃឹមថាទំនាក់ទំនងរវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើងអាចបើកផ្លូវសម្រាប់ការសន្ទនា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃទី 17 ខែសីហា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ទីក្រុងសេអ៊ូលបានកត់សម្គាល់សាររបស់លោកប្រធានាធិបតី Trump ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកលើសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរ។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា “យើងរំពឹងថាទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនឹងនាំឱ្យមានការសន្ទនាដ៏សំខាន់រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន និងការពិភាក្សាបើកចំហដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ”។
ទីក្រុងសេអ៊ូលក៏បាននិយាយផងដែរថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីនាំមុខគេក្នុងការលើកកម្ពស់ដំណើរការនេះ។
ប្រតិកម្មខាងលើបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានប្រកាសនៅថ្ងៃទី 16 ខែសីហាថា លោកបានណែនាំដល់មន្ទីរបញ្ចកោណឱ្យ “កាត់បន្ថយយ៉ាងច្រើន” សមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។
លោក Trump បានអះអាងថា សមយុទ្ធទាំងនេះមិនត្រឹមតែ “ចំណាយច្រើន” ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបញ្ជូនសញ្ញា “មិនសមរម្យ និងអរិភាពទាំងស្រុង” ទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរ។
លោកប្រធានាធិបតីអាមេរិកក៏បានលើកឡើងពី «ទំនាក់ទំនងល្អ» របស់លោកជាមួយមេដឹកនាំ គីម ជុងអ៊ុន ដើម្បីពន្យល់ពីការសម្រេចចិត្តនេះ។
ដោយសារតែការណែនាំនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងមុនពេលសមយុទ្ធប្រចាំឆ្នាំ «Ulchi Freedom Shield» (UFS) ត្រូវបានគ្រោងចាប់ផ្តើម លោក Trump បាននិយាយថា លោកបានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth កាត់បន្ថយទំហំ ជាជាងលុបចោលវាទាំងស្រុង៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print