ខេត្តតាកែវ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃអង្គារទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ សូមជូនដំណឹងដល់សាធារណជនដែលជាអ្នកកាន់កាប់ដី ស្រែ ចំការ និងដីលំនៅឋាន ឬដីសាងសង់ ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុដែលពាក់ព័ន្ធ នឹងក្បាលដីទាំងអស់នៅក្នុងតំបន់ធ្វើការវិនិច្ឆ័យនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា – វៀតណាម ចំនួន ៣ភូមិ គឺភូមិទន្លាប់ ភូមិនាសារគិរី និងភូមិដើមអង្គោល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ឱ្យបានជ្រាបថា តបតាមសំណើរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ ដោយអនុវត្ត ទៅតាមលិខិតលេខ ១០១៨ ដនស/អសដភ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការងារបន្តនីតិវិធីចុះបញ្ជីដីធ្លីចេញ និងចែកបណ្ណកម្មសិទ្ធិដែល នៅសេសសល់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តតាកែវ។
គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុម ប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យដោយរក្សាគម្លាត ២០០ ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន កម្ពុជា – វៀតណាម ។
ហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាអ្នកកាន់កាប់ដីស្រែ ចំការ និងដីលំនៅឋាន ឬដីសាងសង់ ព្រមទាំងគ្រប់មន្ទីរ អង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្ត្តាចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែល ត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតពី ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដល់ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ទីតាំងនៃ ការបិទផ្សាយស្ថិតនៅវត្តសោម ក្នុងភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបើកចំហរជូន ពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុប ហើយឱ្យលើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យសម្រេចរួចបញ្ជូនឱ្យរដ្ឋបាលសុរិយោដីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( បណ្ណកម្មសិទ្ធិ ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈច្បាប់ ។
គណៈកម្មការរដ្ឋបាលនឹងដាក់ទីតាំងបណ្តោះអាសន្ននៅកន្លែងបិទផ្សាយ ដើម្បីរង់ចាំទទួលពិគ្រោះ និង ផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ ៕














