ខេត្តតាកែវ ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ នៅថ្ងៃចន្ទ ៤កើតខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០និង ១០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់។
ប្រភពបានឱ្យដឹងថា កាលពីថ្ងៃចន្ទ ៤កើតខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង២០និង ១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ប៉ុល ប៊ុនឡុង ស្ថិតនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ០១ករណី បង្កឡើងដោយជនសង្ស័យឈ្មោះ ផាន់ ចំរើន (ហៅម៉ូវ) ភេទប្រុស អាយុ ៣៥ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានប្រើប្រាស់សារធាតុញៀនរួចហើយក៏បានជេរបញ្ចោទៅលើឈ្មោះ ប៉ុល ប៊ុនឡុង ភេទប្រុស អាយុ៥៣ឆ្នាំ និងធ្វើសកម្មភាពយកដុំថ្មគប់ផ្ទះ និងដំបូលផ្ទះ បណ្តាលឱ្យធ្លុះធ្លាយពីរបីកន្លែង ឈ្មោះ ប៊ុល ប៊ុនឡុង ពុំបានតបតវិញទេ រួចមកប្តឹងសមត្ថកិច្ច។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បញ្ជាកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ និងនាំខ្លួនជនបង្កខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្ករបូរី ដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ និងប្រើប្រាស់សារធាតុញៀន៕










