សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍រាល់គំនិតយោបល់ក្នុងន័យស្ថាបនា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចបានជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់ ហើយអ្នកនយោបាយសួរសម្ដេចថា មានបញ្ញវន្តទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសច្រើន ដែលមិននៅក្នុងជួររាជរដ្ឋាភិបាលទេ ហើយគេចង់ជួយជាគំនិត យោបល់ ទៅលើប្រធានបទមួយចំនួនដែលគេចាប់អារម្មណ៍ តើសម្ដេចទទួលឬអត់? សម្ដេចឆ្លើយតបថា បើមានហេតុផលត្រឹមត្រូវ កុំតែជេរយកៗ គឺអត់ស្ដាប់ទេ។ បើវិភាគច្បាស់លាស់ ផ្អែកលើមូលដ្ឋាន អត់ចាំបាច់ស្របទេ ហើយសម្តេចចង់បាននូវចំណុចខ្វះខាតដើម្បីពង្រឹង មិនចាំបាច់ស្របស្របក៏បាន ចំណុចស្របខ្ញុំដឹងហើយ គោលនយោបាយខ្ញុំដាក់ ខ្ញុំដឹងទិសដៅ ប៉ុន្ដែខ្ញុំចង់បានការវាយតម្លៃមួយ ហើយស្វាគមន៍ទាំងអស់។

 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីចាត់ទុកសកម្មភាពជេរ និងជាន់ពន្លិចរបស់ក្រុមអ្នកនយោបាយក្រៅស្រុកមួយក្ដាប់តូច គឺមានផ្នត់គំនិតចង្អៀតចង្អល់ គ្មានផ្នត់គំនិតបង្រួបបង្រួមជាតិនោះទេ។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារទៅក្រុមប្រឆាំងមួយក្ដាប់តូចនោះឱ្យធ្វើនយោបាយដោយឆន្ទៈពិតប្រាកដ កុំងាកជេៗ ខណៈបើមានឆន្ទៈពិតប្រាកដ គោរពគ្នាទៅវិញទៅមក នេះគឺជាវប្បធម៌នៃការបង្រួបបង្រួមគ្នាពិតប្រាកដហើយសម្ដេចនឹងស្វាគមន៍។ សម្ដេចធិបតីបញ្ជាក់ថា៖«បើជួបអត់ជេរ បើជេរអត់ជួប»។

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបើកទ្វារស្វាគមន៍ចំពោះអ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការដើម្បីបុព្វហេតុជាតិពិតប្រាកដ មិនចាំបាច់មានទស្សនៈស្របនោះទេ។

សម្តេចនាយករដ្ឋមន្ត្រីចាត់ទុកការអប់រំសីលធម៌ក្នុងសង្គមខ្មែរ ជារឿងសំខាន់ ស្របពេលបរិបទពិភពលោកកំពុងវិវឌ្ឍ និងមានការប្រែប្រួល។ សម្តេចថា មនុស្សម្នាក់ៗត្រូវបណ្តុះនូវតម្លៃខ្លួន មិនមែនដើម្បីសម្រេចភាពជោគជ័យរបស់ខ្លួន ទៅស៊ីខ្សែលើ ឬធ្វើបាបអ្នកដទៃនោះទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print