រដ្ឋមន្ត្រីក្រសួងព័ត៌មាន តម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន ! ផ្សាយដំណឹងទាន់ហេតុការណ៍នៅពេលយប់ ដែលមកពីប្រមាណ ៣៣អង្គភាព ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយក្រុមសារព័ត៌មានផ្សាយដំណឹងទាន់ហេតុការណ៍នៅពេលយប់ ដែលមកពីប្រមាណ ៣៣អង្គភាព ក្នុងរាជធានីភ្នំពេញ ដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

លោករដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ពេលយប់ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងការបំពេញតួនាទីផ្សព្វផ្សាយព័ត៌មានជូនសាធារណជន និងអំពាវនាវឱ្យអ្នកសារព័ត៌មានចៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាព ឬខ្លឹមសារដែលបន្ទាបបន្ថោក ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានត្រូវមានការទទួលខុសត្រូវចំពោះរាល់ព័ត៌មានដែលខ្លួនផ្សព្វផ្សាយ ដោយត្រូវផ្តល់អាទិភាពដល់ភាពពិត ភាពត្រឹមត្រូវ និងប្រភពព័ត៌មានច្បាស់លាស់ ព្រមទាំងចៀសវាងការផ្សព្វផ្សាយខ្លឹមសារដែលអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម និងតម្លៃវប្បធម៌ខ្មែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកបន្ថែមដល់អ្នកសារព័ត៌មាន ត្រូវគោរពតាមការណែនាំ ព័ត៌មានដែលប៉ះពាល់ដល់សង្គមជាតិ ផ្សព្វផ្សាយ ព័ត៌មានល្អ មានខ្លឹមសារអប់រំជួយដល់សង្គម ត្រូវរួមគ្នាជំរុញការផ្សព្វផ្សាយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចោទជាសំណួរថា នៅពេលដែលអ្នកកាន់ក្បាលមេក្រូ សុំនឹកថា តើរាល់សំណួរទាំងឡាយដែលផុសចេញពីចិត្តអ្នកទាំងអស់គ្នា ថាតើគួរតែសួរទាំងអស់គ្រប់សំណួរទាំងអស់ ឬអត់? តើរាល់ចម្លើយដែលបងប្អូន ទទួលបានពីអ្នកដែលផ្តល់បទសម្ភាសន៍ តើសុទ្ធនឹងអាចផ្សព្វផ្សាយដែរ ឬទេ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print