រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦, បានអនុញ្ញាតឱ្យលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ក្នុងឱកាសនៃជំនួបនេះ, លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រលោកស្រី Rena Lee ឯកអគ្គរដ្ឋទូតច្បាប់អន្តរជាតិសឹង្ហបុរី ជាបេក្ខភាពចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣៦។ បន្ថែមពីនេះ, លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងជាប្រវត្តិសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។

 

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកជូន លោកឯកអគ្គរដ្ឋទូតអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ក៏ដូចជា ការរៀបចំក្របខ័ណ្ឌច្បាប់ និងយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាថាឧក្រិដ្ឋកម្មឆ្លងដែននេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការបង្ក្រាបរួច។ ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ រួមទាំងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា សំដៅលើកកម្ពស់សមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print