ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹងស្តីពីការដោះស្រាយបញ្ហាក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ដើម្បីធានាផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ និងព្រមានចាត់វិធានការចំពោះប្រតិបត្តិករអ៊ីនធឺណេតណា ដែលគេចវេះ ឬមិនសហការក្នុងការដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា ទោះបីជាខ្លួនបានជំរុញប្រតិបត្តិករទូរគមនាគមន៍ឱ្យពង្រឹងគុណភាពសេវា និងយន្តការដោះស្រាយបញ្ហាអ្នកប្រើប្រាស់ក៏ដោយ ក៏នៅតែបន្តទទួលបានពាក្យបណ្ដឹងពាក់ព័ន្ធនឹងគុណភាពសេវា ការរអាក់រអួល ការកាត់ផ្តាច់សេវា និងការយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាពីសំណាក់ប្រតិបត្តិករ។
ក្នុងន័យនេះ ន.ទ.ក. បានណែនាំថា ជាជំហានដំបូង អ្នកប្រើប្រាស់ដែលមានបញ្ហាគុណភាពសេវា ការរអាក់រអួល ឬការកាត់ផ្តាច់សេវា ក៏ដូចជាបញ្ហាឧបករណ៍ ឬបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការប្រើប្រាស់សេវាអ៊ីនធឺណិត ត្រូវទាក់ទងទៅប្រតិបត្តិករទូរគមនាគមន៍ដែលខ្លួនកំពុងប្រើប្រាស់សេវា ដើម្បីរាយការណ៍ និងស្នើសុំឱ្យពិនិត្យដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសេវា។
ប្រសិនបើប្រតិបត្តិករទូរគមនាគមន៍មិនបានដោះស្រាយបញ្ហា ឬអ្នកប្រើប្រាស់មិនពេញចិត្តនឹងលទ្ធផលនៃការដោះស្រាយនោះ អ្នកប្រើប្រាស់អាចរាយការណ៍ ឬដាក់ពាក្យបណ្តឹងជាផ្លូវការមកកាន់ ន.ទ.ក. ដើម្បីពិនិត្យ និងចាត់វិធានការស្របតាមសមត្ថកិច្ច និងនីតិវិធីជាធរមាន។ អ្នកប្រើប្រាស់អាចទាក់ទងមក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ “និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia”។
និយ័តករទូរគមនាគមន៍កម្ពុជា បានសង្កត់ធ្ងន់ថា ខ្លួននឹងតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចំពោះប្រតិបត្តិករទូរគមនាគមន៍ណាដែលមានចេតនាគេចវេះ ឬមិនសហការក្នុងការដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់ ដោយគ្មានការរើសអើង និងពុំមានការលើកលែងឡើយ៕
ដោយ៖តារា










