ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៨:០០ព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដែលមានវត្តមានសមាជិក សមាជិការដ្ឋសភា ចំនួន ១០៩ រូប។
សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ បានដំណើរការពិភាក្សា និងអនុម័តដែលមានលទ្ធផលដូចតទៅ៖
-អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ចំនួន ១០៩ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដែលមានដូចតទៅ៖
របៀបវារៈទី៨ -ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់៖
-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ បានរៀបចំឡើងដោយ អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៤៦ថ្មី(មួយ) និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។
-សេចក្តីព្រាងច្បាប់នេះ មានគោលបំណងកំណត់អំពីគោលការណ៍នៃការបែងចែកមុខតំណែងថ្នាក់ដឹកនាំ រដ្ឋបាលឃុំ សង្កាត់ ឱ្យស្របតាមលទ្ធផលនៃការបោះឆ្នោត និងសមស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ព្រមទាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយ ភាពក្រីក្រនៅមូលដ្ឋានកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល។
-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ មានខ្លឹមសារចំនួន បី មាត្រា។
-ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាអំពីការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
-សមាជិករដ្ឋសភាដែលបានមានមតិលើសេចក្តីព្រាងច្បាប់មានចំនួន១រូប គឺឯកឧត្តម សេរី កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ។
-អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល ចំនួន ១១០ សំឡេងនៃចំនួនសមាជិក រដ្ឋសភា ទាំងមូល។
សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ បានធ្វើការពិភាក្សា និងអនុម័តចប់សព្វគ្រប់នូវរបៀបវារៈទី៨ នៅវេលាម៉ោង ០៩:០០ព្រឹក នាថ្ងៃខែឆ្នាំដដែល។
សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន អង្គសភាថា អាស្រ័យដោយសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ មិនទាន់មានរបៀបវារៈ សម្រាប់ធ្វើការ ពិភាក្សា និងអនុម័ត សូមលើកពេលមួយរយៈសិន។
ចំពោះព័ត៌មានទាក់ទងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នឹងជម្រាបជូននៅពេលក្រោយ តាមរយៈលិខិតអញ្ជើញ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ៖តារា










