ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនទូកមាស ៣នាក់ ពាក់ព័ន្ធកាប់ដើមត្នោតអាយុកាលរយឆ្នាំ ៧ដើម

ចែករំលែក៖

ខេត្តកំពត៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ខេត្តកំពត បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនទូកមាសចំនួន ៣នាក់ ពាក់ ព័ន្ធករណីកាប់ដើមត្នោតចំនួន ៧ដើម ដែលដាំអមសង ខាងផ្លូវចូលវត្តអង្គជុំព្រៃទប់ ក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។

 

ដើមត្នោតទាំង ៧ដើម ត្រូវបានរាយការណ៍ថា មានអាយុកាលប្រមាណជាង ១៧០ឆ្នាំ និងជាដើមឈើដែលដាំអមសងខាងផ្លូវចូលវត្តអង្គជុំព្រៃទប់ ដែលមានតម្លៃទាំងផ្នែកប្រវត្តិសាស្ត្រ និងបរិស្ថានសម្រាប់មូលដ្ឋាន។ ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤ រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខណៈក្រុមបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនទូកមាស បានចូលមកដោះស្រាយជាមួយគណៈកម្មការអាចារ្យវត្ត និងព្រះចៅអធិការវត្តអង្គជុំព្រៃទប់។

 

បើយោងតាមប្រភពព័ត៌មានក្នុងមូលដ្ឋាន ករណីនេះត្រូវបានចាត់ទុកថា ជាករណីដែលមានការអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការជំរុញឱ្យមានការដោះស្រាយជាក់ស្តែង។ ជាមួយ គ្នានេះ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ក៏បានចូលរួមដោះស្រាយដោយផ្ទាល់ និងបានចាត់ចែងក្រុម ការងារឱ្យតាមដានករណីនេះផងដែរ។

 

ក្រោយមានវិធានការពីសំណាក់អាជ្ញាធរ ប្រជាពលរដ្ឋជាច្រើនបានសម្តែងការសាទរ ដោយចាត់ទុកថា ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះទ្រព្យសម្បត្តិសាធារណៈ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា កន្លងមក ក្រុមហ៊ុនអគ្គិសនីឯកជនទូកមាស ធ្លាប់មានករណីអារដើមដូង ដើមត្នោត និងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋជាច្រើនករណី។ ពួកគេអះអាងថា ក្នុង ករណីខ្លះ មិនបានទទួលការជូនដំណឹង ឬការបញ្ជាក់អំពីគោលការណ៍ និងនីតិវិធីច្បាស់លាស់ជាមុនឡើយ។

 

យ៉ាងណាក៏ដោយ ការអះអាងរបស់ប្រជាពលរដ្ឋទាំងនេះ គឺជាព័ត៌មានពីប្រភពក្នុងមូលដ្ឋាន ហើយនៅមិនទាន់មានការបញ្ជាក់ជាសាធារណៈពីភាគីក្រុមហ៊ុនអគ្គិសនីឯកជនទូកមាសចំពោះការចោទប្រកាន់ខាងលើនៅឡើយទេ។

 

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច កំពុងបន្តនីតិវិធី និងស្រាវជ្រាវបន្ថែមជុំវិញករណីកាប់ដើមត្នោតទាំង ៧ដើម នៅផ្លូវចូលវត្តអង្គជុំព្រៃទប់ ដើម្បីកំណត់ការទទួលខុសត្រូវ និងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print