ទីក្រុងតូក្យូ៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបលោក Shota Yanagawa នាយកតំណាង និង ជាប្រធានក្រុមហ៊ុន Hayashi Kenko Co., Ltd. និងលោកស្រី Naoe Sakaue នៃ Asia Glory Support Cooperative ដើម្បីពិភាក្សាអំពីបំណងរបស់ក្រុមហ៊ុនក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
ក្នុងជំនួបនេះ លោក Yanagawa បានជម្រាបលោកឯកអគ្គរាជទូតថា ក្រុមហ៊ុនរបស់លោក ដែលបាន ទទួលពលករកម្ពុជាជាច្រើននាក់ មានបំណងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈ ការសាងសង់សាលារៀនមួយនៅកម្ពុជា។
លោក ជុំ សុន្ទរី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមជាបន្តបន្ទាប់របស់ក្រុមហ៊ុន ជាមួយកម្ពុជា ជាពិសេសតាមរយៈការទទួលយកកម្មសិក្សាការីបច្ចេកទេស និងពលករជំនាញពិសេសកម្ពុជា ព្រមទាំងចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើគម្រោងដែលបានស្នើឡើង និងនីតិវិធីចាំបាច់សម្រាប់ការអនុវត្តគម្រោង។ លោក ជុំ សុន្ទរី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់ស្ថានទូតក្នុងការជួយសម្របសម្រួលទំនាក់ទំនង ផ្តល់ ព័ត៌មានទូទៅអំពីនីតិវិធីពាក់ព័ន្ធ និងជួយភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន និងស្ថាប័នកម្ពុជាដែលមានសមត្ថកិច្ច ពាក់ព័ន្ធ។
ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ សំដៅ ជួយសម្រួលឱ្យគម្រោងនេះសម្រេចបានជោគជ័យ៕
ដោយ៖តារា










