ភ្នំពេញ : អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញផ្ទាល់ពី លោក ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ.ម.ណ ភេទប្រុស ជនជាតិខ្មែរ។
តាមការស៊ើបអង្កេត ជនសង្ស័យបានលក់គណនីធនាគាររបស់ខ្លួនឱ្យទៅជនអនាមិកជាថ្នូរនឹងប្រាក់កម្រៃ។ ក្រុមឧក្រិដ្ឋជនបានយកគណនីធនាគារនោះ ទៅប្រើប្រាស់ធ្វើជាមធ្យោបាយទទួលប្រាក់ ក្រោយពីបានធ្វើសកម្មភាពលួចគ្រប់គ្រង (hacked) និងក្លែងបន្លំគណនី Telegram ដើរបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងអំពាវនាវដល់សាធារណជនទាំងអស់៖
– ប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយផ្តល់ការងារតាមបណ្តាញសង្គម ដែលគ្មានប្រភពច្បាស់លាស់ ព្រោះអាចជាល្បិចកលអូសទាញឱ្យក្លាយជាឧបករណ៍បម្រើផលប្រយោជន៍ដល់ក្រុមឧក្រិដ្ឋជន។
– ជៀសវាងដាច់ខាតនូវការឱ្យខ្ចី ជួល ឬលក់គណនីធនាគារ និងឯកសារអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ទៅឱ្យបុគ្គលដទៃ ព្រោះសកម្មភាពទាំងនេះជាអំពើខុសច្បាប់ ដែលនាំឱ្យអ្នកប្រឈមមុខនឹងការជាប់ទោសទណ្ឌ ក្នុងនាមជាអ្នកសមគំនិត ឬជាអ្នកទទួលផលនៃបទល្មើស៕
«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» ៕
ដោយ : សិលា










