ខេត្តតាកែវ៖ ការគ្រប់គ្រងមន្ត្រីរាជការនៅកម្ពុជា កំពុងឈានចូលដល់របត់ប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងពី «អតីតភាព ទៅជាប្រព័ន្ធផ្អែកលើសមិទ្ធកម្ម» ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាងមុន។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍លើកឡើងយ៉ាងច្បាស់ថា អនុក្រឹត្យលេខ ៧៨ អនក្រ.បក (ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤) ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្នែកលើកិច្ចព្រមព្រៀងការងារ គឺជាទស្សនទានដ៏មានថាមពល និងជាជំហានយុទ្ធសាស្ត្រសំខាន់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ស្ថិតក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា គោលដៅធំបំផុតនៃបដិវត្តន៍ការងារនេះ គឺដើម្បីបំពេញ បន្ថែមនូវគុណវុឌ្ឍិ សមត្ថភាព និងបរិយាយវិជ្ជាជីវៈដល់មន្ត្រីសាធារណៈ ជាពិសេសក្នុងវិស័យអាទិភាពពីរគឺ សុខាភិបាល និង អប់រំ នៅតាមមូលដ្ឋានឱ្យមានភាពច្បាស់លាស់ ឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព។
លោកអភិបាលខេត្ត បានបង្ហាញឱ្យឃើញពីភាពចាំបាច់នៃការប្រើប្រាស់យន្តការថ្មីនេះ ដោយបច្ចុប្បន្ន ខេត្តតាកែវ បើផ្អែកលើទិន្នន័យជាក់ស្តែងនៅក្នុងខេត្ត មានមន្ត្រីរាជការសរុប ១១,៤០១ នាក់ (ស្រី ៤,៣៤៩ នាក់) គ្រូបង្រៀនកិច្ចសន្យា ៧៤៥ នាក់ កំពុងបំពេញបេសកកម្មនៅតាមគ្រឹះស្ថានបឋម សិក្សាសាធារណៈ មន្ត្រីសុខាភិបាលកិច្ចសន្យា ៣៩ នាក់ កំពុងឈរជើងបំពេញការងារ នៅតាមមណ្ឌល សុខភាពផងដែរ។
លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ថា ទៅថ្ងៃខាងមុខ រដ្ឋបាលខេត្តតាកែវ នឹងបន្តពង្រីកការអនុវត្តអនុក្រឹត្យលេខ៧៨ នេះ ក្នុងការជ្រើសរើស និងប្រើប្រាស់មន្ត្រីផ្នែកលើកិច្ចព្រមព្រៀងការងារបន្ថែមទៀត នៅតាមបណ្តាក្រសួង ស្ថាប័ន មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជំរុញឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានគុណភាព និងសក្តិសិទ្ធិភាពខ្ពស់៕ដោយ៖តារា










