ខេត្តក្រចេះ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់ នៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងជម្លៀសសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព ខណៈកម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយក្រចេះ បានបន្តកើនឡើង និងត្រូវបានព្យាករណ៍ថានឹងបន្តឡើងក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃខាងមុខ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ខែសីហានេះ កម្ពស់ទឹកទន្លេមេគង្គក្រចេះ បានកើនឡើងដល់ ២១,៨២ម៉ែត្រ ហើយអាចបន្តកើនដល់ប្រមាណ ២២,៦០ម៉ែត្រ ដែលជាកម្រិតខ្ពស់ជាងកម្ពស់ប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ ។
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំដោយលោក ម៉ែន វណ្ណា អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត រាយខេត្តក្រចេះរួមជាមួយមន្ទីរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលទឹកជំនន់ និងពិនិត្យទីទួលសុវត្ថិភាពចំនួន ២កន្លែង រួមមាន ទួលតាឃីន ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី និង ទួលម៉ៃសាក់ ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានឃើញថា ទឹកជំនន់ក៏បានជន់លិចចូលដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួនផងដែរ។
លោក ម៉ែន វណ្ណា បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកជាប្រចាំ ចុះពិនិត្យតំបន់ដែលងាយរងគ្រោះ ផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ និងរៀបចំទីទួលសុវត្ថិភាពឱ្យបានត្រៀមលក្ខណៈល្អ ដើម្បីអាចជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ ព្រមទាំងសត្វពាហនៈបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពក្នុងការរស់នៅ អនាម័យក្នុងការហូបចុក និងការពារខ្លួនពីសត្វមានពិស ឬសត្វដែលអាចខាំ ខណៈទឹកជំនន់កំពុងកើនឡើង។ ជាពិសេស ត្រូវយកចិត្តទុកដាក់ចំពោះ កុមារតូចៗ និងមនុស្សចាស់ជរា ដើម្បីជៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក៕










