ខេត្តកំពង់ស្ពឺ÷ ក្រុមចោរដែលតែងតែធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយទទួលបានការខលប្តឹងពីជនរងគ្រោះសុំអន្តរាគមន៍តាមរយៈលេខអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 …។
អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទាល់ និងយ៉ាងយក ចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:១០ នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានទូរសព្ទមកកាន់លេខអន្តរាគមន៍សង្គ្រោះបន្ទាន់ (Hotline 1292) ប្ដឹងពីករណី លួច កាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានរាយការណ៍អំពីទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន ប្រាក់រៀលចំនួន ១,២០០,០០០៛ ទូរស័ព្ទ ចំនួន០២គ្រឿង និងកាបូបឯកសារ ចំនួនមួយ ។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅម៉ោង ១១:២៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយអនុសេនីយ៍ទោ ឈួរ ឆាំងលក្ខ័ មេបញ្ជាការរង បានដឹកនាំកម្លាំងចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើ ហើយបានស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១ នាក់ ឈ្មោះ ថុល ថាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានសារភាពថាខ្លួនពិតជាបានលួចចូលទៅលួចយកទូរស័ព្ទ ម៉ាក អាយហ្វូនអ៊ិច ពណ៌មាស ចំនួន០១គ្រឿង ក្នុងផ្ទះជនរងគ្រោះ ដែលកំពុងដេកនៅក្នុងផ្ទះគាត់កាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅបន្តស្រាវជ្រាវ ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ហើយក៏បានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ គឿន តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅបន្តស្រាវជ្រាវ ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ហើយក៏បានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ហួន រតនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕
ដោយ៖ សុរិយា










