ខេត្តពោធិ៍សាត់៖ នារីម្នាក់ឈ្មោះ ភី យ៉ាងរី អាយុ២៥ឆ្នាំ ម្ចាស់គណនីហ្វេសប៊ុក «អាយ៉ា ទឹកត្នោតជូរ» រស់នៅភូមិប្រជាធម្មខាងកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធបទល្មើសជេរប្រមាថប្រជាពលរដ្ឋខេត្តពោធិ៍សាត់យ៉ាងធ្ងន់ធ្ងរ។
ការឃាត់ខ្លួននារីរូបនេះ បានធ្វើឡើងក្រោយនាងផ្សព្វផ្សាយវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក និងទីកតុក (TikTok) និយាយថា «ឡានរបស់ខ្លួនត្រូវបានចោរលួចបូមប្រេង ព្រមទាំងបានដៀលត្មិះ និងជេរប្រមាថអ្នក ខេត្តពោធិ៍សាត់ទាំងមូលថាមាយោទអន់ ពូជចោរ…»។
រដ្ឋបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា ការជេរប្រមាថធ្ងន់ធ្ងរបែបនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត មានការឈឺចាប់ និងឃ្នើសចិត្តយ៉ាងខ្លាំងបំផុត មិនទទួលយកបានដាច់ខាត និងបានស្នើឲ្យផ្តន្ទាទោសតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត៕ដោយ៖តារា










