ជាងដែកជនជាតិចិនម្នាក់ស្រវឹងស្រាបោកកែវក្នុងហាង និងគ្មានលុយគិតថ្លៃអាហារ១៦៥ដុល្លារ ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷ជនសង្ស័យជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលចុះឃាត់ខ្លួនដល់កន្លែង បន្ទាប់ពីរូបគេបានចូលទៅផឹកនៅក្នុងហាងមួយកន្លែងរហូតស្រវឹង រួចរករឿងបោកកែវ និងគ្មានប្រាក់ទូទាត់ថ្លៃអាហារសរុប ១៦៥ដុល្លារ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១៩ និង២០នាទីយប់ កាលពីថ្ងៃទី ២៣ សីហា ២០២៦ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ចុង ដាលីង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរជាងដែក ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងគ្មានសារធាតុញៀនក្នុងទឹកនោមនោះទេ។ ចំណែកជនរងគ្រោះជាម្ចាស់ហាងមានឈ្មោះ ម៉ោង ដារ៉ា (ប្រុស, ៣៩ឆ្នាំ) ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅភូមិឃុំជាមួយគ្នា។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យ និងបក្ខពួកបានចូលទៅផឹកនៅក្នុងហាងរបស់ជនរងគ្រោះ។ ក្រោយពេលផឹកស្រវឹង ជនសង្ស័យក៏បានបោកកែវនៅក្នុងហាង រួចនិយាយឡូឡាហៅឲ្យម្ចាស់ហាងគិតលុយ។ ពេលគិតលុយ ម្ចាស់ហាងបានបូកទាំងថ្លៃកែវដែលជនសង្ស័យបានបោកខូចខាត ពេលនោះជនសង្ស័យក៏កើតចិត្តខឹង និងបានបោកកែវបន្ថែមទៀតសរុបចំនួន ៥កែវ។

លោកអធិការបានឲ្យដឹងទៀតថា ក្រោយពេលទូទាត់លុយម្ដងទៀតដោយសរុបទាំងថ្លៃស្រាបៀរ ថ្លៃម្ហូប និងថ្លៃកែវដែលខូចខាត គឺអស់ទឹកប្រាក់ចំនួន ១៦៥ដុល្លារ ប៉ុន្តែដោយជនសង្ស័យមិនមានលុយបង់ ទើបជនរងគ្រោះសម្រេចចិត្តរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចានឲ្យចុះមកអន្តរាគមន៍។ ក្រោយទទួលបានសេចក្ដីរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងធ្វើការនាំខ្លួនជនសង្ស័យយកទៅសួរនាំបន្ដនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

...

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបោកកែវនៅក្នុងហាងអស់ចំនួន ៦កែវ និងពុំមានលុយបង់ថ្លៃហូបចុកនោះពិតមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print