ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសំរោងទង។
ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៤ :៤០នាទី នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិត្រពាំងត្រាវ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ វ៉ែន រ៉ាវុធ (ហៅអាប្លោក)ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្រាវ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន៖ក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់ (ទម្ងន់ ៣៣.៨៦),ថង់ច្រកគ្រឿងញៀនមួយចំនួន,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,ខ្សៀចំនួន០១,ដាវចំនួន ០១ដើម,កាំភ្លើងកែឆ្នៃចំនួន០១ដើម,ទូរស័ព្ទចំនួន០១ គ្រឿង,កូនកាបូបពណ៍ខ្មៅសម្រាប់ដាក់គ្រឿងញៀនចំនួន០១ និងម៉ូតូចំនួន០១គ្រឿង(ម៉ាក Honda dream សេរីឆ្មាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1G-4701)។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕










