ចិន​ប្រកាស​ថា​ មិន​បាន​គំរាមកំហែង​ប្រទេស​តូចៗ​នោះ​ទេ

ចែករំលែក៖

ក្រោយពេលប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានព្រមានថា ប្រទេសធំមិនត្រូវគំរាមកំហែងដល់ប្រទេសតូចៗនោះទេ។ ភ្លាមៗនោះក្រសួងការបរទេសចិនក៏បានប្រកាសថា ចិនបានដោះស្រាយវិបត្តិតាមរយៈកិច្ចចរចាដោយស្មោះត្រង់មិនមែនគំរាមកំហែងប្រទេសតូចៗនោះឡើយ។

លោកអូបាម៉ា បញ្ជាក់ថា ប្រទេសធំៗគួរតែដោះស្រាយវិវាទអធិបតេយ្យភាពតាមរយៈការចរចាមិនត្រូវគំរាមកំហែងនោះឡើយ។ លោកអូបាម៉ា បញ្ជាក់ថា នាវាចម្បាំង និងយន្តហោះអាមេរិកនឹងធ្វើសកម្មភាពនៅដែនសមុទ្រអន្តរជាតិដើម្បីរក្សាសន្តិភាពនៅទីនោះ ។

កន្លងមកប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសថា ទីក្រុងប៉េកាំងនឹងមិនប្រើប្រាស់កម្លាំងយោធាធ្វើអំពើហិង្សាដើម្បីសម្រេចគោលដៅរបស់ខ្លួននោះឡើយ។ លោកបានបញ្ជាក់ទៀតថា ចិនបានប្ដេជ្ញារក្សាសន្ដិភាពនៅក្នុងតំបន់ទាំងមូល។

សារព័ត៌មាន AFP បានដកស្រង់សម្ដីមេដឹកនាំចិនលោក ស៊ី ជីនពីង ដែលបានប្រកាសថា រាល់ការខិតខំប្រើប្រាស់អំពើហិង្សាណាមួយដើម្បីសម្រេចគោលដៅជាការបរាជ័យ ដូច្នេះទីក្រុងប៉េកាំងបានប្ដេជ្ញារក្សាសន្ដិភាពក្នុងតំបន់ និងឈានទៅរកគោលដៅដោយសន្ដិភាព។

ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រកាសនៅក្នុងកិច្ចប្រជុំមួយថា “«ប្រវត្ដិសាស្ដ្របានបញ្ជាក់ឱ្យយើងឃើញថា បណ្ដាប្រទេសដែលខិតខំអភិវឌ្ឍណ៍សម្រេចគោលដៅរបស់ខ្លួនតាមរយៈការប្រើប្រាស់អំពើហិង្សាសុទ្ធសឹងតែទទួលនូវការបរាជ័យទាំងអស់» ។ លោកស៊ី ជីនពីង ក៏បានព្រមានដល់កងកម្លាំងផ្សេងដែលអាចបំផ្លាញសន្ដិភាពនៅក្នុងតំបន់។ លោកបន្ដទៀតថា «យើងជានិច្ចកាលតែងតែប្រុងប្រយ័ត្នប្រឆាំងទៅនឹងកម្លាំងបរទេសដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្ដិភាពនៅក្នុងតំបន់»។

នៅក្នុងសុន្ទរកថា របស់ខ្លួនលោក ស៊ី ជីនពីង ក៏បានលើកឡើងពីវិវាទអធិបតេយ្យភាពជាមួយប្រទេសជប៉ុន ដែលមានសេដ្ឋកិច្ចលំដាប់កំពូលនៅអាស៊ី និងមានសេដ្ឋកិច្ចលំដាប់ទី២ ទី៣នៅលើពិភពលោក បានប្រកាសពីដែនអធិបតេយ្យជាន់លើគ្នានៅប្រជុំកោះដែលភាគីជប៉ុនហៅថា កោះសេនកាគូ ចំណែកចិនហៅថា កោះដាវយូ ។ ប្រទេសទាំងពីរក៏បានចោទប្រកាន់គ្នាទៅវិញទៅមកពីការឈ្លានពានដោយយោធាខុសច្បាប់នៅតំបន់ដែលមានវិវាទនោះ ។ វិវាទអាចជំរុញឲ្យមានការប្រឈមមុខដាក់គ្នាជាទ្រង់ទ្រាយធំគ្រប់ពេលវេលា។

លោក ស៊ី ជីនពីង បន្ដទៀតថា ខាងលើនេះជាឧទាហរណ៍ស្ដីពីវិវាទដែនអធិបតេយ្យដែលចិនមានបំណងចង់ដោះស្រាយដោយសន្ដិភាព ។ ចិនបានដោះស្រាយវិវាទព្រំដែនដីគោកជាមួយ ១២ប្រទេសក្នុង ចំណោម ១៤ប្រទេសជិតខាងតាមរយៈកិច្ចពិភាក្សាប្រកបដោយជោគជ័យបំផុត។

ក៏ប៉ុន្ដែប្រទេសនៅក្នុងតំបន់ដែលមានវិវាទជាមួយចិនក្នុងនោះមានប្រទេសតំបន់អាស៊ានមានវិវាទនៅដែនសមុទ្រចិនខាងត្បូងបានចោទប្រកាន់ទៅចិនវិញថា មាត់ប្រកាសសន្ដិភាព តែបានបញ្ជូនកម្លាំងយោធាជាច្រើនមកកាន់តំបន់ដែលមានវិវាទ ទាំងនោះបានបង្ហាញពីការគំរាមកំហែងដោយហិង្សាទៅលើប្រទេសជិតខាង។ នៅក្នុងករណីបញ្ជូនស្ថានីយរុករកប្រេងមកកាន់ដែនសមុទ្រស្ថិតក្នុងដែនអធិបតេយ្យរបស់វៀតណាម នាពេលកន្លងមកត្រូវបានសហគមន៍អន្ដរជាតិថ្កោលទោសយ៉ាងខ្លាំងដោយចាត់ទុកថា នោះជាសកម្មភាពគំរាមកំហែងបំបាក់ស្មារតីប្រទេសជិត ខាងមិនឲ្យតវ៉ា។ នៅពេលនោះចិនមិនត្រឹមតែរុករកប្រេងខុសច្បាប់ទេថែមទាំងប្រើប្រាស់កម្លាំងទាហាននាវាចម្បាំងបុកទៅលើនាវាយាមល្បាតរបស់វៀតណាមបណ្ដាលឲ្យទាហានរងរបួសជាច្រើននាក់ទៀតផង។

ប៉ុន្ដែពេលនេះចិនមានសុច្ឆន្ទៈដោះស្រាយវិបត្ដិដោយសន្ដិភាពមិនចង់ឲ្យមានការគំរាមកំហែងទៅលើប្រទេស ណាមួយនោះឡើយ។ ក្រុមអ្នកវិភាគក៏ធ្លាប់បានលើកឡើងថា ចិនចាំបាច់ត្រូវតែកែទម្រង់គោលនយោបាយការបរទេសរបស់ខ្លួនក៏ដូចជាចូលរួមឲ្យបានច្រើនជាមួយសហគមន៍អន្ដរជាតិឲ្យស័ក្ដិសមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ នៅលើពិភពលោក។ ការគំរាមកំហែងការប្រើអំណាចទៅលើប្រទេសតូចតាចទាំងនោះមិនមែនជាសកម្មភាពរបស់ប្រទេសមហាអំណាចដែលត្រូវធ្វើនោះឡើយ។

ទីក្រុងប៉េកាំង បានប្រកាសថា ចិននិងបណ្ដាប្រទេសក្នុងតំបន់អាស៊ានបានខិតខំការពារសន្ដិភាព ស្ថិរភាពក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ហើយចិនមិនអនុញ្ញាតឲ្យអាមេរិក និងឥណ្ឌាជ្រៀតជ្រែកចូលទីកន្លែងនេះដែលចិនចាត់ទុកថា «ជាទីលានផ្ទះរបស់ខ្លួន»។

រដ្ឋាភិបាលទីក្រុងប៉េកាំង មានប្រតិកម្មខាងលើក្រោយពេលអាមេរិក និងឥណ្ឌា បានចេញសេចក្ដីប្រកាសរួមស្ដីពីស្ថានភាពសន្ដិសុខ សេរីភាពចរាចរណ៍នៅលើដែនសមុទ្រ និងដែនអាកាសក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ស្ថានភាពវិបត្ដិនៅដែនសមុទ្រចិនភាគខាងត្បូងចាំបាច់ត្រូវតែ ដោះស្រាយដោយការចរចារវាងភាគីពាក់ព័ន្ធ។ ស្ថានភាពបច្ចុប្បន្ននៅដែនសមុទ្រចិនភាគខាងត្បូងគឺមានសុខសន្ដិភាព បើទោះបីនៅមានវិវាទមួយចំនួនរវាងចិននឹងប្រទេសអាស៊ានក៏ដោយ។

កន្លងមកចិនបានប្រកាសថា អាមេរិក និងឥណ្ឌា មិនត្រូវព្រួយបារម្ភពីសេរីភាពចរាចរណ៍លើដែនសមុទ្រ និងដែន អាកាសនៅតំបន់សមុទ្រចិនភាគខាងត្បូងនោះឡើយ។ ការប្រកាសរួមរវាងអាមេរិក និងឥណ្ឌាមិនបាននិយាយផ្ទាល់ ដល់ប្រទេសចិននោះឡើយ គ្រាន់តែបង្ហាញការព្រួយបារម្ភពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងតែប៉ុណ្ណោះ។

ចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងខ្លាច អាមេរិក និងឥណ្ឌា លូកដៃចូលក្នុងស្ថានភាពដែនសមុទ្រខាងត្បូងដែលជាទីលានផ្ទះរបស់ចិនជាផលប្រយោជន៍ចម្បងបំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចចិនឲ្យក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោកនាពេលអនាគត។

អ្វីដែលចិនកាន់តែព្រួយបារម្ភជាងនេះទៅទៀតនោះគឺ ឥណ្ឌាបានឯកភាពលក់កាំជ្រួចមីស៊ីលឲ្យវៀតណាម និងជំរុញ ឲ្យមានសកម្មភាពយាមល្បាតនៅតាមដែនសមុទ្រ។ សារព័ត៌មានឥណ្ឌាអ៊ិចប្រេស កាលពីថ្ងៃទី២៩ ខែមករា បានផ្សព្វផ្សាយថា ឥណ្ឌា និងអាមេរិក មានគម្រោងជួយដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ដែលមានវិវាទជាមួយចិន ពិសេសគឺការសម្រេចលក់មីស៊ីលទៅឲ្យប្រទេសវៀតណាម គឺភាគីឥណ្ឌាដែលចិនចាត់ទុកថា ជាសកម្មភាពជំរុញឲ្យមានអសន្ដិសុខក្នុងតំបន់។ ការគាំទ្រដល់ប្រទេសដែលមានវិវាទជាមួយចិនជាសកម្មភាពដែលភាគីចិនមិនអាចទទួលយកបានឡើយ ៕

1-1 1-2 1-3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print