កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ៦ទីតាំងក្នុងក្រុងបាវិត រកឃើញជនបរទេសសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) ១៣នាក់ និងដកហូតសម្ភារៈអេឡិចត្រូនិចមួយចំនួនធំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ៦ទីតាំងក្នុងក្រុងបាវិត រកឃើញជនបរទេសសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) ១៣នាក់ និងដកហូតសម្ភារៈអេឡិចត្រូនិចមួយចំនួនធំ។

យោងតាមសមត្ថកិច្ច បានអោយដឹងថា ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់តាំងលោក ម៉ែន អេង អភិបាលរងខេត្ត ដឹកនាំកម្លាំងចម្រុះ រួមមាន៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលចំហជាក់ស្តែងលើទីតាំងចំនួន ០៦ កន្លែង ស្ថិតក្នុងភូមិបាវិតលើ និងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការត្រួតពិនិត្យ និងស្រាវជ្រាវពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅទីតាំងបុរី អ៊ែល តារា ស្ថិតក្នុងសង្កាត់បាវិត ក្រុមការងារចម្រុះបានរកឃើញលទ្ធផលជាក់ស្តែងតាមទីតាំងនីមួយៗដូចខាងក្រោម៖
-ទីតាំងទី១ផ្ទះល្វែង៖ រកឃើញជនជាតិវៀតណាមចំនួន ០១នាក់ (ប្រុស), កុំព្យូទ័រលើតុ (All-in-One) ចំនួន ០៧គ្រឿង, ទូរស័ព្ទដៃចម្រុះ ០៣គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន ០១គ្រឿង និងលិខិតឆ្លងដែន ០១ក្បាល។
-ទីតាំងទី២ផ្ទះល្វែង៖ រកឃើញកុំព្យូទ័រ All-in-One ចំនួន ១៩គ្រឿង។
-ទីតាំងទី៣ផ្ទះល្វែង៖ រកឃើញជនជាតិវៀតណាម ០៣នាក់ (ស្រី ០១នាក់), កុំព្យូទ័រលើតុ All-in-One ចំនួន ១០គ្រឿង, ទូរស័ព្ទចម្រុះ ០៣គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ០៥គ្រឿង និងលិខិតឆ្លងដែន ០៣ក្បាល។
-ទីតាំងទី៤ផ្ទះល្វែង៖ រកឃើញជនជាតិឥណ្ឌូនេស៊ី ០៤នាក់ (ប្រុស), កុំព្យូទ័រយួរដៃ ០៥គ្រឿង, iPad ០១គ្រឿង, ទូរស័ព្ទដៃចម្រុះ ២៥គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន ០៥គ្រឿង និងលិខិតឆ្លងដែន ០៤ក្បាល។
-ទីតាំងទី៥ផ្ទះល្វែង៖ រកឃើញជនជាតិវៀតណាម ០៥នាក់ (ស្រី ០១នាក់), iPad ០១គ្រឿង, ទូរស័ព្ទដៃចម្រុះ ១០គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន ០៥គ្រឿង និងលិខិតឆ្លងដែន ០១ក្បាល។
-ទីតាំងទី៦ផ្ទះល្វែង៖ រកឃើញកុំព្យូទ័រ All-in-One ចំនួន ០៥គ្រឿង និងទូរស័ព្ទដៃចម្រុះ ០៥គ្រឿង។
បច្ចុប្បន្ន ក្រោមការឯកភាពពីតំណាងអយ្យការ កម្លាំងចម្រុះបានសម្រេចបិទសៀល (Seal) ទីតាំងខាងលើជាបណ្តោះអាសន្ន។ ដោយឡែក ជនសង្ស័យសរុបចំនួន ១៣នាក់ (ស្រី ០២នាក់) ក្នុងនោះរួមមានជនជាតិវៀតណាម ០៩នាក់ (ស្រី ០២នាក់) និងជនជាតិឥណ្ឌូនេស៊ី ០៤នាក់ ព្រមទាំងវត្ថុតាងជាសម្ភារៈអេឡិចត្រូនិចទាំងអស់ ត្រូវបានប្រគល់ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print