ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជ្រូកព្រៃមួយក្បាលវាយប្រហារ ខណៈរូបគាត់ដើរទៅមើលឆ្កែរបស់ខ្លួន ដែលកំពុងព្រុស និងប្រយុទ្ធជាមួយជ្រូកព្រៃនៅក្នុងចម្ការ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃម្សិលមិញ ស្ថិតនៅចំណុចក្តាររអិល ក្រសាំងព្នៅ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ជុន ថន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះទៅចម្ការនៅចំណុចកើតហេតុ។ លុះទៅដល់ ស្រាប់តែឮសំឡេងឆ្កែរបស់គាត់ព្រុសសន្ធាប់ ទើបដើរទៅមើល ដោយឃើញឆ្កែកំពុងប្រយុទ្ធជាមួយជ្រូកព្រៃមួយក្បាល ដែលទំនងជាទល់ច្រករត់មិនរួច។
ខណៈនោះ ជ្រូកព្រៃបានរត់សំដៅមកវាយប្រហារជនរងគ្រោះ បណ្ដាលឱ្យត្រូវរបួសត្រង់ភ្លៅ និងកំភួនជើងខាងស្ដាំយ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានអ្នកនៅក្បែរជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕
ដោយ៖ ជ្រោយពេជ្រ










